(កំពង់ចាម)៖ យ៉ាងហោចណាស់មនុស្ស១០នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ចាប់ខ្លួនជាបន្ដបន្ទាប់ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅស្រុកជើងព្រៃ និងស្រុកព្រៃឈរ នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម បានចាត់បញ្ជាកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញស្រុកព្រៃឈរ និងជំនាញស្រុកជើងព្រៃ បើកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បាន០១ករណី ដោយប្រើវិធានញុះញុងឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ចំនួន០៧កញ្ចប់ (ធំ២កញ្ចប់), ទូរស័ព្ទចំនួន០៧គ្រឿង, ជញ្ចឹងអេឡិចត្រូនិចចំនួន០១គ្រឿង, ម៉ូតូចំនួន០៥គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនធំ។ ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅ ការិយាល័យជំនាញដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕