(ភ្នំពេញ)៖ ស្នាមញញឹមដ៍មានតម្លៃដែលលេចចេញពីទឹកមុខរបស់ពលរដ្ឋខ្មែរមូស្លីមទូទាំងប្រទេស ហាក់បង្ហាញឱ្យឃើញពីការរំភើបក្នុងការប្រារព្វពិធីបុណ្យរ៉យ៉ាហាជ្ជីក្នុងយុគ្គសម័យតេជោ ក្រោមម្លប់សន្តិភាព ត្បិតការគោរពវិធានការកូវីដ១៩ត្រូវបានអនុវត្តន៍បានយ៉ាងល្អខ្ជួបខ្ជួន។

ពិធីបុណ្យរ៉យ៉ាហាជ្ជី ជាបុណ្យធំមួយរបស់សាសនាឥស្លាម ដែលមូស្លីមទូទាំងពិភពតែងតែប្រារព្វជារៀងរាល់ឆ្នាំដែកចាប់ផ្ដើមនៅថ្ងៃទី១០ ខែហ្សុលហ៊ីជ្ជះ មូហាំម៉ាត់សក្ករាជ មានរយៈពេល៣ថ្ងៃ។

ជាក់ស្ដែងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ សាសនិកខ្មែរមូស្លីម បានរៀបចំប្រារព្វពិធីនេះឡើង ជាមួយនឹងការញញឹមសប្បាយរីករាយក្រោមម្លប់សន្តិភាព ត្បិតពុំមានការជួបជុំធំៗនៅតាមវិហ៊ារ ឬ ស៊ូរ៉ាវក្ដី ប៉ុន្តែពលរដ្ឋខ្មែមូស្លីមនៅតែពេញចិត្តត្បិតអីវិធានការណ៍ការពារកូវីដ១៩ទើបជាកិច្ចការសំខាន់ត្រូវគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។

លោកស្រី នូត យ៉ានី ព្រមទាំងក្រុមគ្រួសារ ដែលជាពលរដ្ឋខ្មែរមូស្លីម រស់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានប្រាប់ Fresh News ថា «យើងខ្ញុំសូមគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ដែលបានណែនាំដល់ឥស្លាមសាសនិក ត្រូវចូលរួមទប់ស្កាត់ការរីករាលមេរោគកូវីដ១៩ ដោយបញ្ជៀសការជួបជុំជាហ្វូងៗក្រៅពីក្រុមគ្រួសារខ្លួន»

អ្វីដែលសំខាន់គឺលោកស្រី «អរគុណសន្តិភាព អរគុណសម្ដេចតេជោហ៊ុន សែន អរគុណក្រសួងសុខាភិបាល និងក្រុមមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំធ្វើលើកិច្ចការនេះទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ឡើយ ខណៈជាលទ្ធផលឃើញថា ពិតជាល្អប្រសើរបំផុត បើប្រៀបធៀបនឹងប្រទេសដទៃទៀត គឺកម្ពុជាគ្មានការឆ្លងទ្រង់ទ្រាយធំ គ្មានមនុស្សស្លាប់ ដែលនេះជាស្នាដៃដ៏ធំធេងរបស់សម្ដេចតេជោហ៊ុន និងក្រុមមន្ត្រីទាំងអស់។

លោកស្រី និងក្រុមគ្រួសារក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព សុខសុវត្ថិភាព ការរីកចំរើន មានសេដ្ឋកិច្ចលូតលាស់ ពលរដ្ឋមានជីវភាពកាន់តែធូរធារឡើងៗ ខណៈកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ តាំងពីបាតដៃទទេ រហូតដល់មានបានមកដល់សព្វថ្ងៃនេះ ។

លោកស្រី និងក្រុមគ្រួសារក៏អំពាវនាវដល់ពលរដ្ឋខ្មែរឥស្លាមសាសនិកទាំងអស់គ្នា សូមចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ ប្រឆាំងការរីករាលដាលមេរោគកូវីដ១៩ដែលបានបង្កបញ្ហាដល់ពិភពលោក។

គួរជម្រាបជូនថា គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ដែលមានលោកឧកញ៉ា សុះ កុំរី ជាចាងហ្វាង ក៏បានចេញសេចក្ដីជូនដំណឹងផងដែរ ជុំវិញការប្រតិបត្តិថ្ងៃរ៉យ៉ាហាជ្ជី ខណៈបានចេញគោលការណ៍ស្ដីពីការណែនាំដល់សាសនិកឥស្លាមទាំងអស់ចូលរួមទប់ស្កាត់មេរោគកូវីដ១៩ ការណែនាំក្នុងការថ្វាយបង្គុំនៅថ្ងៃរ៉យ៉ាតាមគេហដ្ឋានរៀងៗខ្លួនផងដែរ ។

អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះស្ថិតនៅក្នុងពិធីបុណ្យនេះ អង្គការ សមាគមឥស្លាមជាច្រើន បានចែករម្លែកសាច់គោគុរពាន ដល់សាសនិកខ្មែរឥស្លាមក្នុងសហគមន៍រៀងៗខ្លួន ដ្បិតឆ្នាំនេះមានការខ្សត់ខ្សោយជំនួយពី៧០០០ក្បាល កាលពីឆ្នាំ២០១៩ ធ្លាក់មកនៅក្រោម១០០០ក្បាលនៅឆ្នាំ២០២០នេះ ដោយសារវីរុសកូវីដ១៩។

គួរបញ្ជាក់ថា គ្រប់សាសនិកឥស្លាមទាំងអស់នៅកម្ពុជា តែងតែគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំប្រទេស ថ្នាក់ដឹកនាំស្ថាប័ណពាក់ព័ន្ធជានិច្ច ដើម្បីចូលរួមទប់ស្កាត់ ប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ មិនឱ្យរីកសាយភាយជាដាច់ខាត ហើយទន្ទឹមនឹងថ្ងៃរ៉យ៉ាហ្វីត្រះនេះទៀតសោត ក៏ឃើញថាពលរដ្ឋខ្មែរមូស្លីម ពិតជាគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំបានយ៉ាងល្អឥតខ្ចោះយ៉ាងពិតប្រាកដផងដែរ៕