(បន្ទាយមានជ័យ)៖ បុរសម្នាក់ដោយសារតែថ្នាំញៀនចូលខ្លួន គ្រាន់តែឪពុកស្តីឲ្យឈប់ជក់ថ្នាំញៀននិងឡើងលើផ្ទះសោះ ស្រាប់តែផ្ទុះកំហឹងយកដែកកេះដុតផ្ទះចោល ឆេះអស់១ខ្នង នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ប៊ុន ផេង ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ បានឲ្យដឹងថា ផ្ទះដែលកូនដុកកំទេចចោលនោះធ្វើអំពីឈើប្រក់ស័ង្កសី ថ្មក្រោម មានទំហំ៧ X ៨ម៉ែត្រ ម្ចាស់មានឈ្មោះ ស្រឹម វុទ្ធី ភេទប្រុសអាយុ៤៦ឆ្នាំ នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានសមាជិក ក្នុងគ្រួសារ៦នាក់ ស្រី២នាក់។

តាមការបំភ្លឺរបស់លោកស្នងការរងបានឲ្យដឹងបន្តថា មុនកើតហេតុនោះតាមការស្រាវជ្រាវ និងការបំភ្លឺពីសមាជិកគ្រួសាររងគ្រោះឲ្យដឹងថា គ្រោះអគ្គីភ័យនេះគឺដោយសារ កូនប្រុសម្ចាស់ផ្ទះ កូនប្រុសគាត់ជាមនុស្សញៀនថ្នាំ ឈ្មោះ ស្រឹម រស្មី អាយុ២៣ឆ្នាំ ដោយសារតែបីសាចថ្នាំញៀនចូលពេញខ្លួនឪពុកម្តាយនិយាយអ្វីក៏មិនស្តាប់ដែរ ហើយ នៅម៉ោងជាង៥ល្ងាចនោះឪពុកខឹងហើយបានវាយដើម្បីឲ្យឈប់ជក់ថ្នាំញៀនបន្ត តែវាមិនខ្ចីស្តាប់ក៏ឡើងទៅលើផ្ទះយកដែកកេះដុតពូកបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះធំតែម្តង។

លោកស្នងការរងបានបញ្ជាក់ឲ្យដឹងទៀតថា ពេលកំពុងឆេះនេះមានរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្ត១គ្រឿង និងរថយន្តរបស់ អធិការដ្ឋាននគរបាលស្រុកមង្គលបូរី ១គ្រឿង បានអន្តរាមន៍បាញ់ទឹករួមទាំងកម្លាំងនគរបាលខេត្ត ស្រុកកម្លាំងសឹករងស្រុក និងកម្លាំងអាជ្ញាធរមូលដ្ឋានចេញជួយ អន្តរាគមន៍ពន្លត់តែមិនអាចជួយសង្រ្គោះផ្ទះជនរងគ្រោះបាន ព្រោះភ្លើងឆេះសន្ធោរសន្ធៅឆាប់រហ័សពេក រយៈពេល១ម៉ោងរថយន្តបាញ់ទឹកអស់២រថយន្តទើបគ្រប់គ្រង ស្ថានការណ៍បាន មិនឲ្យមានការរាលដាលទៅផ្ទះអ្នកជិតខាងបន្តទៀត។

លោកស្នងការរងបានបញ្ជាក់ឲ្យដឹងទៀតថា តាមការឲ្យដឹងពីម្ចាស់ផ្ទះទំហំនៃការខូចខាតទាំងផ្ទះ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះសរុបជាទឹកប្រាក់ចំនួន ១៦,០០០ដុល្លារ
ជនសង្ស័យពេលដុតហើយរត់គេចខ្លួនបាត់ កម្លាំងនគរបាលស្រុកមង្គលបូរីកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕