(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការគយពិភពលោក (WCO) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី លទ្ធផលនៃការសិក្សារយៈពេលបំពេញ បែបបទបញ្ចេញទំនិញ ឆ្នាំ២០១៩ (Time Release Study-2019)។

សិក្ខាសាលានេះរៀបចំឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នាសណ្ឋាគារ Raffles Le Royal ក្រោមអធិបតីភាពរបស់បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានការចូលរួមពីចម្ងាយតាមរយៈ Video Conference ពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន, អង្គការគយពិភពលោក និងចូលរួមដោយផ្ទាល់ ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ, សភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា, សមាគមភស្តុភារកម្មកម្ពុជា រួមទាំងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផងដែរ។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា បណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញនៅឆ្នាំ ២០១៩ នេះ ត្រូវបានរៀបចំឡើងដោយអនុលោមតាមកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA) និងកាតព្វកិច្ចរបស់កម្ពុជា ដែលត្រូវបំពេញស្របតាមការតម្រូវរបស់អាស៊ាន ក្នុងការសិក្សាការកាត់បន្ថយចំណាយចម្លងការពាណិជ្ជកម្ម (Trade Transaction Cost-TTC)។

លោកបន្តថា នីតិវិធីនៃការសិក្សាត្រូវអនុវត្តស្របតាមឯកសារណែនាំ ស្តីពីការសិក្សារយៈពេលបញ្ចេញទំនិញ របស់អង្គការគយពិភពលោក (WCO TRS Guide)។ ការសិក្សារយៈពេលនៃការបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០១៩ នេះ ជាឧបករណ៍មួយសម្រាប់ធ្វើការវាស់វែងរយៈពេល នៃការអនុវត្តនីតិវិធីបំពេញបែបបទ, កិច្ចប្រតិបត្តិការរបស់ស្ថាប័នគយ និងភាគីពាក់ព័ន្ធក្នុងកិច្ចសម្រួលពាណិជ្ជកម្ម នៃការនាំចេញ-នាំចូលទំនិញ និងមានវិសាលភាពគ្របដណ្តប់តាមមាត់ច្រកព្រំដែនផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក ចំនួន ០៧ ទីតាំង។

ទន្ទឹមនេះ បណ្ឌិត គុណ ញឹម បានបញ្ជាក់បន្ថែមទៀតថា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកំណែទម្រង់ស៊ីជម្រៅ និងមុតស្រួចពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ក្នុងនោះរួមមានការកែសម្រួលសមត្ថកិច្ចត្រួតពិនិត្យនៅព្រំដែន, ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់, ការកែសម្រួលកម្រៃស្កែន, ការកាត់បន្ថយថ្លៃលើកដាក់នៅកំពង់ផែ និងការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ជាដើម។

នៅក្នុងអង្គសិក្ខាសាលា អ្នកជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី និងអ្នកជំនាញការរបស់អង្គការគយពិភពលោក បានធ្វើបទបង្ហាញផ្សព្វផ្សាយពីនិន្នាការថ្មីៗ នៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ, សកម្មភាពការងាររបស់អង្គការគយពិភពលោក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជំនួយគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងកិច្ចសម្រួលពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំបន្តបន្ទាប់។

ជារួម លទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០១៩ បានឆ្លុះបញ្ចាំងនូវភាពប្រសើរឡើង នៃការបំពេញបែបបទបញ្ចេញទំនិញ តាមរយៈការអនុវត្តអនុសាសន៍ ដែលបានលើកឡើងក្នុងរបាយការណ៍លទ្ធផល នៃការសិក្សារយៈពេលបំពេញបែបបទ បញ្ចេញទំនិញពីគយ ឆ្នាំ២០១៣ រួមទាំងការអនុវត្តតាមវិធានការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា។
ការបំពេញបែបបទនៅតាមដំណាក់កាលនីមួយៗ ត្រូវបានកាត់បន្ថយពេលវេលា តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការកែសម្រួលនីតិវិធី, និងការបង្កើនប្រសិទ្ធភាព នៃការអនុវត្តការងារនិងធនធានមនុស្ស។

ទោះជាបែបនេះក៏ដោយ លទ្ធផលនៃការសិក្សាក្នុងឆ្នាំ២០១៩ ក៏បានរកឃើញចំណុចកកស្ទះ (Bottleneck) ធ្វើឱ្យការបំពេញបែបបទ នៅតាមដំណាក់កាលខ្លះត្រូវចំណាយពេលវេលាយូរ ដោយមូលហេតុកំណើនខ្ពស់ នៃចរាចរទំនិញនាំចេញ-នាំចូល, នីតិវិធីការងារមួយចំនួននៅមានច្រើនដំណាក់កាល, ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពុំទាន់ពេញលេញ និងភាពអសកម្មខ្លះរបស់តួអង្គពាក់ព័ន្ធ ដែលជាមូលដ្ឋានសម្រាប់ពិនិត្យ និងកែសម្រួលដោះស្រាយការប្រឈមតាមសមត្ថកិច្ចរៀងៗខ្លួន។

បណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណដល់អង្គសិក្ខាសាលាទាំងមូល ដែលបានចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ឱ្យបានផុសផុល ជាមួយអ្នកជំនាញការ និងក្រុមការងារបច្ចេកទេស លើរបាយការណ៍លទ្ធផលដែលបានរៀបចំ និងបានផ្តល់ធាតុចូលបន្ថែម ជាពិសេសលើវិធានការ និងផែនការសកម្មភាព សម្រាប់តួអង្គពាក់ព័ន្ធយកទៅអនុវត្ត ដើម្បីបន្តកែលម្អនីតិវិធីការងារ និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវមុខងារស្ថាប័ន ដើម្បីជំរុញឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា៕