(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានស្នើទៅគេហទំព័រ «worldometers» ដែលជាគេហទំព័រផ្សាយពីស្ថិតិអ្នកកើតជំងឺកូវីដ១៩នៅលើពិភពលោកនោះ ឱ្យកែសម្រួលតួលេខចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (អ្នកឆ្លងថ្មី) នៅកម្ពុជា។

សំណើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីគេហទំព័រនេះបានចុះផ្សាយតួលេខអ្នកឆ្លងថ្មីនៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ មានរហូតដល់ទៅ៨នាក់ ខណៈដែលកម្ពុជាមានតែ១នាក់ប៉ុណ្ណោះ។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានសំណូមពរដល់គេហទំព័រនេះ ឱ្យស្រង់យកតួលេខបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា តាមតួលេខដែលក្រសួងសុខាភិបាលបានចេញផ្សាយស្ទើររៀងរាល់ថ្ងៃ។

យោងតាមក្រសួងសុខាភិបាល គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ១៩ សរុប ២៣៤នាក់ (ស្រី ៤៦នាក់ និងបុរស១៨៨នាក់)។ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ១៦២នាក់ (ស្រី ៤១នាក់ និងបុរស១២១នាក់)។

ដោយឡែកអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៧០នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ២នាក់៕