(ភ្នំពេញ)៖ ពិតជាមានប្រសិទ្ធិភាពមែន គោលការណ៍ឈ្នះ-ឈ្នះរបស់សម្តេចតេជោបានទម្លុះទម្លាយវិវាទដីធ្លី ដែលមានរយៈពេលជាង២០ឆ្នាំដ៏ស្មុគស្មាញមួយមកនេះ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នេះបានធ្វើអោយប្រជាពលរដ្ឋចំនួន១៦គ្រួសារទទួលបានយុត្តិធម៌ពិតប្រាកដ។ រឿងរ៉ាវក្តីក្តាំ​ដីធ្លីនៅប៉ោយប៉ែតដែលបានប្តឹងផ្តល់គ្នាទៅវិញទៅមកចំនួន០៤ករណី រវាងប្រជាពលរដ្ឋ១៦គ្រួសារ ដែលមាទីតាំងនៅ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមផ្លូវតុលាការ រហូតដល់មានសាលដីកាស្ថាពរ និងសជណ ពីរាជរដ្ឋាភិបាលចំនួន៣ និងចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន៤លើក អោយកាត់ដីដោះស្រាយជូនប្រជាពលរដ្ឋ ក៏នៅតែមិនអាចអនុវត្តបានរហូតមកទល់ថ្ងៃទី៣០កក្កដា នេះទើបបានដោះស្រាយបញ្ចប់ជាស្ថាពរ បន្ទាប់ពីមានការសម្រុះសម្រួលផ្សះផ្សាដ៏ប៉ិនប្រសព្វរបស់ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដោយប្រើពេលវេលាត្រឹម២ថ្ងៃ កាលពីរសៀលថ្ងៃទី២៩ ដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

លោក ដួង តារា បានថ្លែងថា សំណុំរឿងវិវាទដីធ្លីនេះបានកើតឡើងមុនឆ្នាំ២០០០ មកម៉្លេះ ដែលមានលក្ខណៈស្មុគស្មាញនិងចាក់ស្រេះបំផុត ដោយមានការប្តឹងផ្តល់គ្នារវាងកូនចុងកូនដើម បងប្អូនបង្កើត និងពលរដ្ឋពាក់ព័ន្ធមួយចំនួនទៀតសរុបមានចំនួន១៦គ្រួសារ។ ការប្តឹងផ្តល់គ្នាជាង ២០ឆ្នាំមក នេះ ពួកគាត់នៅមិនទទួលបានយុត្តិធម៌ ហើយបន្តរស់នៅលើដីគ្មានបណ្ណកម្មសិទ្ធិពោរពេញដោយ ជម្លោះរវាងគ្នានឹងគ្នា ដោយភាគីម្ខាងៗបានត្រឹមតែប្តឹងទប់ស្កាត់គ្នាទៅវិញទៅមកហើយអស់លុយកាន់តែច្រើន។ ទើបចុងក្រោយសម្រេចចិត្តមកសុំក្តីសាណ្តោសពីសម្តេចតេជោជាលើកទី៥។

នៅថ្ងៃទី ១៦ កក្កដា ឆ្នាំ ២០២០ កន្លងទៅនេះ ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលមានចំណែកទទួលបានដីធ្លីនៅទីតាំងខាងលើ បានធ្វើលិខិតស្នើសុំមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំជួយរកយុត្តិធម៌។ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងក្រុមការងារបានចុះទៅដល់ទីតាំងកើតហេតុនៅទីក្រុងប៉ោយប៉ែត ហើយបានជួបពិភាក្សាជាមួយប្រធាន និងអនុប្រធានសុរិយាដីខេត្តបន្ទាយមានជ័យ នឹងបានសិក្សាស្រាវជ្រាវរកការពិតមួយចំនួន ទាំងអង្គហេតុ និងអង្គច្បាប់ មុននឹងឈានដល់ការផ្សះផ្សារសម្របសម្រួលដើម្បីបញ្ចប់វិវាទ។

នៅថ្ងៃទី២៩កក្កដា ឆ្នាំ២០២០ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ បានអញ្ជើញបងប្អូន ប្រជាពលរដ្ឋទាំង១៦គ្រួសារ​អោយមកជួបប្រជុំពិភាក្សាគ្នា​រកដំណោះ​ស្រាយ​នៅការិយាល័យលោកនៅ វិមានសន្តិភាព។ ការប្រជុំពិភាក្សាសម្របសម្រួលរកដំណោះស្រាយបញ្ចប់វិវាទ​ខាងលើនេះត្រូវ​បានបញ្ចប់ជាស្ថាពរ​ដោយប្រើពេល​វេលាចំនួន២ថ្ងៃ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាពដោយបានអនុវត្ត​តាមគោលការណ៍ឈ្នះ-ឈ្នះ​ប្រកដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយក​រដ្ឋមន្រ្តី​ធ្វើអោយប្រជាពលរដ្ឋទាំងអស់មានការពេញចិត្តយ៉ាងខ្លាំង ហើយទទួលយកដំណោះស្រាយដោយយុត្តិធម៌នេះដោយបានព្រមព្រៀង​សម្បទានឱ្យគ្នាទៅវិញទៅ​មកប្រកបដោយស្នាមញញឹមជាមួយលទ្ធផលដូចខាងក្រោម៖

១៖ ភាគី បងប្រុសឈ្មោះ ញៀន ជីវ៉ា ដែលបានលួចលក់ដីទាំងអស់មិនផ្តល់ថវិកាខ្លះដល់ប្អូនៗចំនួន៣នាក់ (ក្រោយឪពុកម្តាយស្លាប់អស់) ពេលនេះបានយល់ព្រមប្រគល់ប្រាក់ដល់ប្អូនៗចំនួន ៣នាក់ គឺក្នុងម្នាក់ៗទទួលបាន $20,000 (ពីរម៉ឺនដុល្លារ) ។

២៖ ភាគីមីង វ័ន ផាន់ ដែលកាន់កាប់ដីខ្លួន និងដីអ្នកដទៃលើសចំនួន (9.3m x22m) ពេលនេះបានយល់ព្រមទទួលយកតែ (8x22m) រីឯដីដែលលើសគឺត្រូវប្រគល់ជូនម្ចាស់គេវិញ។

៣៖ ភាគី លោក គត់ សារូម ដែលបានជួលដីអោយមីង វ័ន ផាន់ ចំនួន (3 ម៉ែត្រ) ពេលនេះទទួលបានដីពីមីងមកវិញចំនួន (1.3ម) បូកនឹងថវិកាសម្បទាន $22,000 ដោយមានឯកភាពពីគ្រប់ភាគីទាំងអស់ដែលយល់ព្រមរៃថវិកាផ្តល់ជូនទៅគាត់។

៤៖ ភាគីលោកស្រី ស៊ុ រ័ត្ន (ភាគីកូនស្រីប្រពន្ធចុង) យល់ព្រមទទួលថវិកា $80,000 (ប្រាំបីម៉ឺនដុល្លារ) គឺ $50,000 នឹងផ្តល់ដោយ ឈ្មោះ នាង សឿន (ភាគីប្រពន្ធដើម) បូកនឹងថវិកា $30,000 ដែលយល់ព្រមបង់ដោយភាគីទាំងអស់ ដោយយល់ព្រមចាកចេញពីដីទំហំ (4x14m) ដែលត្រូវប្រគល់ទៅអោយភាគី នាង សឿន ។

៥៖ ភាគី នាង សឿន (ប្រពន្ធដើម) យល់ព្រមទទួលដីពីភាគី ស៊ុ រ័ត្ន ទំហំ 4x14m (ទៅតាមទំហំរស់នៅកាន់កាប់ជាក់ស្តែងសព្វថ្ងៃ)

ភាគីទាំងអស់បានយល់ព្រមផ្តិតមេដៃបញ្ចប់វិវាទ ដោយមានមេធអាវី ៣ រូប និងពលរដ្ឋជាម្ចាស់ដីទំនាស់ទាំងអស់ចំនួន ១៩ នាក់ផងដែរ។ បងប្អូនប្រជាពលរដ្ឋទាំងអស់សប្បាយរីករាយក្រៃលែងដែលបានបញ្ចប់រឿងក្តីក្តាំដ៏រាំរ៉ៃដែលមានរយៈពេលជាង២០ឆ្នាំមកនេះ បានឆាប់បំផុត ក្រោមការសម្របសម្រួលផ្សះផ្សាឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ ហ៊ុន សែន ។ ពួកគាត់ទាំងអស់គ្នាវេទនាខ្លាំងណាស់ពីរឿងវិវាទដីធ្លីដែលមានរយៈពេលដ៏យូរនេះ។

បងប្អូនប្រជាពលរដ្ឋទាំងអស់គឺសុទ្ធសឹងតែជាអ្នកបោះឆ្នោតអោយគណបក្សប្រជាជនកន្លងមក។ បងប្អូនប្រជាពលរដ្ឋបាន គោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចបានជួយដោះស្រាយផ្តល់យុត្តិធម៍ជូនពួកគាត់ទាំងអស់គ្នានៅថ្ងៃនេះ។ បងប្អូនបន្តបោះឆ្នោតគាំទ្រសម្តេចដើម្បីបន្តដឹកនាំប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខ។

លោក ដួង តារា បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោនាយករដ្ឋមន្រ្តីយ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចតែងតែស្រឡាញ់នឹង​មានព្រហ្មវិហារធម៌​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់ស្រទាប់វណ្ណៈ ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់សម្តេច។ លោក ដួង តារា បានគោរពជូនពរសម្តេច តេជោមានសុខភាពល្អរឹងមាំ​ដើម្បីជាម្លប់ដ៏កក់កក្តៅបំផុតសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។

ទន្ទឹមនឹងនេះដែរ លោក ដួង តារា ក៏បានថ្លែងអំណរគុណដល់លោកអភិបាលខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរ និងអនុប្រធានមន្ទីរសុរិយោដី​ខេត្តបន្ទាយមាន​ជ័យ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ព្រមទាំងលោកមេធាវីស្ម័គ្រចិត្ត និងក្រុមការងារទាំងអស់ដែលបានលះបង់ពេលវេលា និងធនធានក្នុងការចូលរួម​សម្របសម្រួល​ដោះស្រាយបញ្ចប់វិវាទជូនបងប្អូនប្រជាពលរដ្ឋបានចប់ជាស្ថាពរនៅថ្ងៃនេះ។ អរគុណសន្តិភាព៕