(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំ និងឲ្យចេញវីដេអូសុំទោសជាសាធារណៈ ក្រោយស្រ្តីរូបនេះបានប្រមាថមើលងាយមកលើសមត្ថកិច្ចតាម បណ្តាញសង្គម ករណីអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះថា ម្ចាស់គណនីហ្វេសប៊ុក​ឈ្មោះ ចែទូច លក់ស្វាយ បានប្រមាថមើលងាយមកលើសមត្ថកិច្ចទាក់ទងទៅនឹងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

លោកបានបញ្ជាក់ថា «ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បកស្រាយ និង​បដិសេធ​ទាំងស្រុង​ចំពោះ​គណនី Facebook ឈ្មោះ ចែទូច លក់ស្វាយ ដែល​បាន​ Live ​វីដេអូ ដែលមាន​ខ្លឹមសារ​ប្រមាថមើលងាយ មកលើ​សមត្ថកិច្ច ក្រោយពេលខ្លួនបានជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយត្រូវសមត្ថកិច្ចផាកពិន័យ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​។ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានធ្វើ​ការសហការ​ណ៍​ជាមួយ​ការ​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្វែងរក និង​កោះហៅ​បុគ្គល​ឈ្មោះ ស្វាយ សារី ឲ្យ​ចូលខ្លួន​មក​ទទួលកំហុស​ចំពោះមុខ​ច្បាប់ និង​ធ្វើការ​សុំទោស​ជា​សា​រណៈ»​។

ដោយ​ទទួលស្គាល់​ព័ត៌មាន​វីដេអូ​ដែល​ខ្លួន​បាន​បង្ហោះ​នោះ ​ជា​ព័ត៌មាន​មិន​ពិត បុគ្គល​រូបនេះ​បាន​យល់ព្រម​ទទួលកំហុស ហើយ​ចូលខ្លួន​មក​សារភាព​កំហុស​តាម​ការកោះហៅ​របស់​សម​ត្ថ​កិច្ច ដោយ​បានធ្វើ​កិច្ចសន្យា និង​ថត​ជា​វីដេអូ​សុំទោស​ជា​សារ​ធារ​ណៈ ដើម្បី​សុំទោស​សមត្ថកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ ចំពោះ​ទង្វើ​ដែល​សង្គម​ស្អប់ខ្ពើម​នេះ​ផងដែរ។​

​លោកបានបន្តថា «យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ល្អ​របស់​សាធារណជន ជាពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​ចូលរួមចំណែក​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម រិះគន់​ក្នុងន័យ​ស្ថាបនា និង​ទទួលយក​ជា​មូលដ្ឋាន​ធ្វើការ​កែលម្អ ហើយក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​បណ្ដាញ​សង្គម​ចៀសវាង​ការអត្ថាធិប្បាយ ចងក្រង​ខ្លឹមសារ រូបភាព​សកម្មភាព​បំផ្លើសការពិត ជាហេតុ​បង្ក​ឲ្យ​មាន​ភាពវឹកវរ បំពុលបរិយាកាស​សង្គម ចលាចល បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន​ផងដែរ»