(បន្ទាយមានជ័យ)៖ ដើម្បីបង្ខិតការផ្តល់សាធារណៈផ្សេងៗ ជូនពលរដ្ឋនៅមូលដ្ឋានឲ្យបានលឿន និងរហ័ស រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយ នៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក ដើម្បីផ្តល់ភាពងាយស្រួលជូនពលរដ្ឋ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ អគារច្រកចេញចូលតែមួយនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានដាក់ឲ្យប្រើប្រាស់។

កម្មវិធីនេះត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការក្រោមអធិបតីលោកស្រី ហេមចិន្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែគឹមយ៉ាង អមដំណើរដោយលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក មន្ត្រីរាជការ មន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត។

លោកអភិបាលខេត្ត បានជំរុញដល់មន្ត្រី ពិសេសការិយាល័យច្រកចេញចូលតែមួយ ត្រូវផ្តល់សេវាជូនពលរដ្ឋឲ្យបានល្អប្រសរើ លឿន រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីការផ្តល់សេវាជូនពួកគាត់ប្រកបដោយទំនុកចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា មន្ត្រីណាដែលទាមទារសេវាខាងក្រៅពីប្រជាពលរដ្ឋជាថ្នូរនិងការរត់ការឯកសារ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន សូមកែប្រែឥរិយាបថឡើងវិញ
ចំពោះការសេវាសាធារណៈជូនពលរដ្ឋដែលមកសុំសេវា មិនត្រូវពន្យាពេលឯកសារទុកយូនោះទេ ត្រូវធ្វើឲ្យលឿន ចៀសវាងពន្យារពេល ដើម្បីចង់បានផលប្រយោជន៍។ បើសិនជារកឃើញ មិនមានការលើកលែងចំពោះមន្ត្រីទាំងនេះឡើយ ដូច្នេះសូមការអនុវត្តការឲ្យបានល្អប្រសើរ គោរពពេលវេលា ម៉ោងធ្វើការ ស្លៀកពាក់ឲ្យបានសមរម្យសមជាមន្រ្តីបម្រើរាស្រ្ត ត្រូវមានភាពរុសរាយរាក់ទាក់ មិនត្រូវប្រើពាក្យពេជ្រមិនសមរម្យទពលរដ្ឋដែលមកសុំសេវាឡើយ។

សូមបញ្ជាក់ថា ការដាក់ឲ្យដំណើរការអគារការិយាល័យច្រកចេញចូលនៅស្រុកថ្មពួកនេះ ជាអគារទី៥ហើយ ក្នុងចំណោមកករុង-ស្រុកទាំង៩ នៅក្នុងខេត្ត ដែលបានដាក់ប្រើប្រាស់បន្ទាប់ពី ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ៕