(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញប្រគល់វិញ្ញាបនបត្រដល់បេក្ខជនទទួលជ័យលាភីសិស្សពូកែទូទាំងខេត្តក្នុងឆ្នាំ២០២០ លើមុខវិជ្ជាផ្នែកអក្សរសីល្ប៍ខ្មែរ, គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និងទី១២ នៅសម័យប្រឡងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ សរុប៣០រូប។

លោក ឡាយ ប៉ូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់នៅព្រឹកថ្ងៃទី៣០ ខែកក្តដានេះថា ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្ត និងទូទាំងប្រទេស ត្រូវបានបង្កើត ឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន តាំងពីឆ្នាំសិក្សា១៩៩៦ មកម្ល៉េះ ដោយកាលនោះការប្រឡងនេះមានឈ្មោះថា ការប្រឡងជ្រើសរើសសិស្សពូកែ ទូទាំងប្រទេសផ្នែកអក្សរសាស្ត្រ និងគណិតវិទ្យា ដើម្បីទទួលពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ។

មកទល់ពេលនេះសម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ ខេត្តក្រចេះ មានសិស្សពូកែថ្នាក់ទី ៩ និងថ្នាក់ទី១២ ផ្នែកអក្សរសីល្ប៍ខ្មែរ-គណិតវិទ្យា និងរូបវិទ្យា នៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ។ ជាលទ្ធផលទទួលបានចំនួន ៣០រូប ដោយក្នុងនោះរួមមាន៖

* ថ្នាក់ទី១២ ផ្នែកវិញ្ញាសាអក្សរសីល្ប៍ខ្មែរចំនួន ៥រូប ជ័យលាភី១នាក់ស្រី, ផ្នែកវិញ្ញាសារគណិតវិទ្យាមានចំនួន៥រូប ជ័យលាភី១នាក់ ស្រី ផ្នែកវិញ្ញាសាររូបវិទ្យា មាន៥រូប ជ័យលាភី១នាក់ស្រី។
* ថ្នាក់ទី៩ វិញ្ញាសារផ្នែកអក្សរសិល្ប៍ខ្មែរ មានចំនួន៥រូប ជ័យលាភី១នាក់ស្រី ផ្នែកវិញ្ញាសារគណិតវិទ្យា មាន៥នាក់ ទទួលបានជ័យលាភី១នាក់ប្រុស និងផ្នែកវិញ្ញាសាររូបវិទ្យាមាន ៥នាក់ ទទួលបានជ័យលាភី១នាក់ស្រី។ ក្នុងនោះដែរជ័យលាភីពីលេខ១ដល់លេខ៥ ទទួលបាន៖ លេខ១ ថវិការ ៣២ម៉ឺនរៀល, លេខ២ ២៩ម៉ឺនរៀល, លេខ៣ ២៦ម៉ឺនរៀល, លេខ៤ ២៤ម៉ឺនរៀល និងលេខ៥ ទទួលបានថវិការ ២២ម៉ឺនរៀល។

លោកអភិបាលខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណដល់លោកគ្រួ-អ្នកគ្រួ អាណាព្យាបាល ព្រមទាំងក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ រហូតទទួលបានលទ្ធផលនាថ្ងៃនេះ ជាពិសេសក្មួយៗ ដែលបានប្រឡងជាប់ចំណាត់ថ្នាក់ និងទទួលបានជ័យលាភី នេះគឺជាកិត្តិយសណាស់សម្រាប់ខេត្តក្រចេះ និងជាកិត្តិយសសម្រាប់ក្រុមគ្រួសារក្មួយៗផងដែរ។

លោកបានគាំទ្រដល់ក្មួយៗ សិស្សានុសិស្ស និងសូមបង្កើននូវសមត្ថភាព និងលទ្ធភាពបន្តទៀត ដើម្បីឲ្យដល់គោលដៅ នៃបំណងរបស់ក្មួយៗ ហើយត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្រាវជ្រាវបន្ថែមលើជំនាញមុខវិជ្ជាដែលកំពុងត្រៀម ទៅប្រកួតប្រជែងបន្តទៀត ហើយក៏សូមជំរុញលើកទឹកចិត្តដល់សិស្សដែលមិនបានជាប់ជ័យលាភី សូមកុំឲ្យបាក់ទឹកចិត្ត បើក្មួយៗបន្តខំរៀន បន្ថែមទៀត ទោះមិនជាប់ជ័យលាភីសិស្សពូកែ ក៏ប្អូនៗក្មួយៗប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានដែរ និងអាចទទួលបាននិទ្ទេសល្អផងក៏មាន។

កត្តាសំខាន់នោះ គឺរៀនជាប់ជានិច្ច ទាំងអ្នកជាប់ និងអ្នកមិនជាប់ជ័យលាភី មិនត្រូវបោះបង់ការសិក្សាឡើយ គឺត្រូវបន្តខិតខំកសាងខ្លួន ឲ្យក្លាយជាយុវជនជឿនលឿន ជាសរសស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិនិង ស្វែងរកកិត្តិយសថ្មីៗទៀតជូនជាតិមាតុភូមិ៕