(ភ្នំពេញ)៖ ក្រសួងផែនការនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះករណីថាមន្ដ្រីថ្នាក់ជាតិ ទូរស័ព្ទទៅជំរិតទារប្រាក់ពីមន្ដ្រីមូលដ្ឋាន ជាថ្នូរនឹងការមិនចុះធ្វើអធិការកិច្ច និងពាក់ព័ន្ធការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ អំឡុងពេលជំងឺកូវីដ១៩។

លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បុគ្គលឈ្មោះ សោម វ៉ាន់ ដែលមានលេខទូរស័ព្ទ 092 440 062 មិនមែនជាមន្ដ្រីរបស់ក្រសួង ផែនការនោះឡើយ ហើយក្រសួងស្នើសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវ និងចាត់វិធានការបុគ្គលនេះតាមផ្លូវច្បាប់ជាធរមាន។

អ្នកនាំពាក្យក្រសួងផែនការ បានបញ្ជាក់យ៉ាងដូច្នេះថា «ឈ្មោះ សោម វ៉ាន់ ទូរស័ព្ទលេខ 092 440 062 ជាអ្នកសារព័ត៌មានអង្គរឯករាជ្យ (តាមការឆ្លើយបញ្ជាក់ពីសាមីខ្លួន ដែលយើងបានទាក់ទង ទៅសួរនាំ)។ ខ្ញុំសូមបញ្ជាក់ យើងនឹងមានវិធានការណ៍តាមផ្លូវច្បាប់ ប្រសិនបើឈ្មោះ សោម វ៉ាន់ នេះនៅតែបន្តប្រើប្រាស់ឈ្មោះជាមន្ត្រីក្រសួងផែនការ ឬធ្វើការជំរិតទារប្រាក់ពីថ្នាក់មូលដ្ឋាន ជាពិសេសពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេលជំងឺកូវីដ១៩នេះ»។

ក្រសួងផែនការ សូមលើកទឹកចិត្តឲ្យមានការផ្តល់ព័ត៌មានអំពីភាពមិនប្រក្រតី ដែលមានប្រភពច្បាស់លាស់ នៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ មកក្រសួងពិនិត្យ និងដោះស្រាយ ជាពិសេសផ្តល់ព័ត៌មានអំពីគ្រួសារក្រីក្រពិតប្រាកដ ដែលមិនទាន់បានដាក់ពាក្យស្នើសុំ ឬមិនទាន់មានបណ្ណសមធម៌ ដើម្បីក្រសួងជួយពួកគាត់ឲ្យបានទាន់ពេលវេលា។

ក្រសួងនៅតែបន្តដោះស្រាយជាបន្ទាន់ និងជាប្រចាំ ចំពោះគ្រួសារក្រីក្រដែលមានបណ្ណសមធម៌រួចហើយ ដែលរហែក ឬ បាត់ ឬខូចខាតដោយប្រការណាមួយ តាមរយៈការផ្តល់ព័ត៌មានទៅអាជ្ញាធរភូមិ ឃុំ សង្កាត់ មន្ទីរផែនការរាជធានីខេត្ត ក្រុង ឬមកក្រសួងផែនការ តាមរយៈលេខទូរស័ព្ទ 095 363 688 / 012 391 016 ឬតាមរយៈ Facebook Page: ក្រសួងផែនការ Ministry of Planning៕