(ពោធិ៍សាត់)៖ មូលនិធិជនពិការ បានប្រគល់ផ្ទះថ្មី១ខ្នង ទំហំ៤ គុណ ៦ម៉ែត្រ ធ្វើអំពីថ្មប្រកស័ង្កសី ជូនដល់លោក ប៉ាវ វ៉ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ពិការភ្នែកខាងស្តាំមួយចំហៀង សព្វថ្ងៃរស់នៅ ជាមួយប្រពន្ធ និងកូនតូចៗចំនួន០៣នាក់ ក្នុងខ្ទមតូចមួយ ស្ថិតនៅក្នុង ភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ពិធីប្រគល់នេះ រៀបចំឡើងនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក សៅ ឡែន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ និងលោក ជួរ រតនៈ នាយកមូលនិធិជនពិការ ថ្នាក់ដឹកនាំមូលនិធិជនពិការថ្នាក់កណ្តាល លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្តពោធិ៍សាត់ លោក អ៉ឹង ឌីប៉ូឡា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំត្រពាំងជង លោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក្រុមប្រឹក្សាឃុំត្រពាំងជង និងប្រជាពលរដ្ឋចូលរួមប្រមាណចំនួន១៨នាក់។

លោក សៅ ឡែន បានលើកឡើងថា កម្មវិធីផ្ដល់ផ្ទះជូនជនពិការក្រីក្រនេះ ក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការបានប្រជុំជាច្រើនលើកច្រើនសារ លើការកំណត់លក្ខណៈសម្បត្តិរបស់ជនពិការក្រីក្រដែលត្រូវបានសាងសង់ផ្ទះជូន សម្រាប់ដាក់ឱ្យមូលនិធិជនពិការអនុវត្ត។ តាមរយៈការកំណត់លក្ខណៈសម្បត្តិនេះ គណៈកម្មត្រួតពិនិត្យ និងវាយតម្លៃការសាងសង់ផ្ទះជូនជនពិការក្រីក្រនៅតាមសហគមន៍របស់មូលនិធិជនពិការ បានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ចុះពិនិត្យ និងវាយតម្លៃលក្ខណៈសម្បត្តិរបស់ជនពិការក្រីក្រ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវកម្មវិធីផ្តល់ជាថវិកាឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងជំងឺកូវីដ១៩ ដោយសម្រាប់ខែមិថុនាកន្លងមកនេះ បានផ្តល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនជាង ៥៣០.៨៣៨គ្រួសារ ស្មើនឹង ២.១៥៣.១១៤នាក់ ដោយអស់ថវិកាជាតិចំនួន ៩៤.៥៥១.៨៧៦.០០០រៀល។

តាមសេចក្តីរាយការណ៍របស់លោក ហ៊ុត ពន្លឺ ប្រធានគណៈកម្មការត្រួតពិនិត្យ វាយតម្លៃ និងសាងសង់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍របស់មូលនិធិជនពិការ គឺក្រុមការងារបានចុះវាយតម្លៃស្ថានភាព និងលក្ខណៈវិនិច្ឆ័យរបស់ជនពិការខាងលើ ដោយមានការស្នើសុំពីសាខាមូលនិធិជនពិការខេត្ត ការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជិតខាង គឺពិតជាជនពិការក្រីក្រមានផ្ទះខ្ទមចាស់ទ្រុតទ្រោម និងដោយរស់នៅពឹងផ្អែកទៅលើចំណូលតិចតួចពិតប្រាកដមែន។

នៅក្នុងពិធីនេះ លោក ជួរ រតនៈ នាយកមូលនិធិជនពិការ បានថ្លែងថា ចាប់តាំងពីមូលនិធិជនពិការបានដំណើរការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌មកដល់បច្ចុប្បន្ននេះ នៅទូទាំង២៥រាជធានី-ខេត្ត មានហិបចំនួន៧០០ហិប ត្រូវបានដាក់នៅតាមទីសាធារណៈនានាដូចជាវត្តអារាម សណ្ឋាគារ រម្យណីយដ្ឋាន និងកន្លែងកំសាន្តនានា ដោយបានទទួលថវិកាសរុបចំនួន១,០៥៧,០៣៨,៦០០រៀល។ តាមរយៈថវិកាដែលប្រមូលបានពីហិបប្រាក់នេះ មូលនិធិជនពិការបានប្រើប្រាស់ទៅលើកម្មវិធីចំនួន៣ផ្សេងគ្នា ដើម្បីជួយដល់ជនពិការក្រីក្រដែលកម្មវិធីទាំងនោះមានដូចជា៖ ការផ្តល់អំណោយសប្បុរសធម៌ ការសាងសង់ផ្ទះ និងការផ្តល់ប្រាក់កំចីដែលមានការប្រាក់ទាប។ សម្រាប់ផ្ទះដែលប្រគល់ជូនជនពិការក្រីក្រនាថ្ងៃនេះ គឺប្រើប្រាស់ថវិកាចំនួន ១៦,០០៨,០០០រៀល ហើយក៏ជាផ្ទះទី៧ហើយដែលម.ជ.ព.បានសាងសង់ និងប្រគល់ជូនជនពិការក្រីក្រ។

លោកបន្តថា កន្លងមកមូលនិធិជនពិការ តាមរយៈសាខាខេត្តពោធិ៍សាត់បានផ្តល់អំណោយជូនជនពិការក្រីក្របានចំនួន៦១នាក់រួចមកហើយ ក្នុងថ្ងៃនេះដែរមូលនិធិជពិការនឹងផ្តល់ជូនជនពិការចំនួន ១៨នាក់ទៀត ដោយក្នុងម្នាក់ៗទទួលបាននូវថវិកា១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ មី១កេស។

បន្ថែមពីលើនេះ លោក សៅ ឡែន បានឲ្យដឹងថា ទោះជាស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩មិនទាន់បានបញ្ចប់ក្តី ក៏មូលនិធិជនពិការនៅតែបន្តសកម្មភាពរបស់ខ្លួនលើការផ្តល់សេវាស្តារលទ្ធភាពពលកម្ម ដោយបានខិតខំប្រឹងប្រែងអនុវត្តនូវវិធានការណ៍ជាច្រើននៅតាមមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មដូចជា វិធានការណ៍រក្សាគំលាត ការថែរក្សាអនាម័យ ការប្រើប្រាស់ឧបករណ៍ការពារសុវត្ថិភាព និងផ្ទាំងអប់រំនានា សំដៅឱ្យជនពិការទទួលបាននូវសេវាស្តារលទ្ធភាពពលកម្មប្រកបដោយគុណភាព និងសុវត្ថិភាព។

ក្នុងពិធីនេះដែរ មូលនិធិជនពិការ ក៏បាននាំយកអំណោយសប្បុរសធម៌ សម្រាប់ផ្តល់ជូនដល់គ្រួសារលោក ប៉ាវ វ៉ាន់ ដែលជាជនពិការទទួលបានផ្ទះថ្មីពីមូលនិធិជនពិការផងដែរ ដែលអំណោយទាំងអស់រួមមាន៖ ថវិកា១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ មី១កេស និងសម្លៀកបំពាក់១កញ្ចប់។ ជាមួយគ្នានោះ លោក សៅ ឡែន ក៏បានផ្តល់ជូននូវថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋដែលបានចូលរួមពិធីនេះចំនួន១៨នាក់។

គូសបញ្ជាក់ថា ដើម្បីបន្តអនុវត្តកិច្ចការពារ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងកម្មវិធីនេះក៏បានរៀបចំជាម៉ាស ទឹកអាកុល ម៉ាស៊ីនស្ទង់កំដៅសម្រាប់ប្រើប្រាស់ និងរក្សានូវគម្លាតសុវត្ថិភាពផងដែរ៕