(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តក្រោមអធិបតីលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហេង ពិទូ អភិបាលរងខេត្ត តំណាងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនោះដែរ ប្រធានក្រុមប្រឹក្សាខេត្ត បានផ្សព្វផ្សាយសេចក្តីប្រកាសលេខ ២៩៣៩ប្រក ចុះថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្លាស់ប្ដូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដោយទទួលស្គាល់លោកស្រី ប្រាក់ សាកន ជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ជំនួសឯកឧត្តម សាន់ យូរ ដែលត្រូវទទួលភារកិច្ចថ្មី។

របៀបវារៈក្នុងកិច្ចប្រំជុំរួមមាន៖

*ទី១៖ ការអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុម ប្រឹក្សាខេត្ត
*ទី២៖ ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
*ទី៣៖ អនុម័តផែនការយុទ្ធសាស្ត្រថវិកាសុខាភិបាល (២០២១-២០២៣) និងគម្រោងថវិកាកម្មវិធីឆ្នាំ២០២១ របស់មន្ទីរសុខាភិបាលខេត្ត
*ទី៤៖ អនុម័តគម្រោងផែនការថវិកាសម្រាប់ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងពិភាក្សាបញ្ហាផ្សេងៗផងដែរ៕