(ភ្នំពេញ)៖ បុគ្គលិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានរកឃើញថា ជាបុគ្គលិកសកម្មក្នុងការចូលរួម ជួយការងារសង្គមតាមរយៈសកម្មភាពសប្បុរសធម៌នានា។

នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកបណ្ឌិត អ៊ឹម សុធារិទ្ធ មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមិនអាចសម្រេចចក្ខុវិស័យ ដែលចូលរួមបរិច្ចាគទៅសង្គមវិញឲ្យបានច្រើន បើគ្មានការជួយជ្រោមជ្រែងពីបុគ្គលិក។ ខ្មែរ ប៊ែវើរីជីស មានមោទនភាពណាស់ ដែលឃើញបុគ្គលិករបស់ខ្លួនយល់ពីតម្លៃនៃការបរិច្ចាគទៅសង្គម ដោយចូលរួមយ៉ាងសកម្មគ្រប់កម្មវិធី ដែលក្រុមហ៊ុនរៀបចំ»

គម្រោងសប្បុរសធម៌ជាច្រើនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលទាក់ទាញបុគ្គលិកចូលរួមយ៉ាងសកម្មរួមមាន ការបរិច្ចាគឈាមសង្រ្គោះជីវិត, ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនដើម្បីរៃអង្គាសថវិកា, កម្មវិធីដាំដើមឈើ, ទិវាសម្អាតបរិស្ថាន, កម្មវិធី «សិល្បៈស្រុកយើង» និងកម្មវិធីសប្បុរសធម៌ជាច្រើនទៀត៕