(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្រកាសគាំទ្រ និងអះអាងថា តំណាងកម្ពុជានឹងចូលរួមក្នុងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ ដែលនឹងប្រារព្ធធ្វើឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីក្រុងសៀងហៃ ប្រទេសចិន។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានប្រកាសបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០ (The 3rd China International Expo 2020) ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ។ កិច្ចប្រជុំនេះបានរៀបចំសម្របសម្រួលពីធនាគារចិន (Bank of China) និងដឹកនាំដោយ លោក ស៊ុន ចិនហៃ (SUN Chenhai) អគ្គនាយករង នៃការិយាល័យពិព័រណ៍នាំចូលអន្តរជាតិចិន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឍមណ្ឌលពិព័រណ៍និងសាលសន្និសីទជាតិទីក្រុងសៀងហៃ ប្រទេសចិន។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីព័ត៌មានសំខាន់ៗនៃព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥-១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ ក៏មានការបង្ហាញ និងបកស្រាយពីគោលនយោបាយនៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ ការបើកចំហរទីផ្សារ ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអត្ថប្រយោជន៍ជាច្រើនដែលទទួលបានពីការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីទំនាក់ទំនងការទូតដ៏យូរអង្វែងរវាងកម្ពុជា-ចិន ដែលបានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ និងបានក្លាយទៅជាមិត្តភាពដែកថែប មិនអាចកាត់ផ្តាច់បានក្នុងការរួមគ្នាកសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តយល់ថ្លើមគ្នាទៅវិញទៅមក។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៣ និងឈានដល់បង្កើត សហគមន៍វាសនារួមកម្ពុជា-ចិន នៅឆ្នាំ២០១៩។ ចំណងមិត្តភាពនៃប្រទេសទាំងពីរ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងៗ និងទទួលបានផលប្រយោជន៍ទាំងសងខាង។ ជាសក្ខីកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានកំណើនជាប្រចាំ គឺសម្រេចបានជាង ៦ពាន់លានដុល្លារ នៅឆ្នាំ២០១៨ និងហក់ឡើងដល់ប្រមាណ ៨ ពាន់លានដុល្លារ នៅឆ្នាំ២០១៩។ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្តេជ្ញាខិតខំពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០ពាន់លានដុល្លារ នាឆ្នាំ២០២៣ខាងមុខ។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំពិព័រណ៍នាំចូលអន្តរជាតិចិន ហើយបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដ៏មហិមានេះ ពិតជាមានសារៈសំខាន់សម្រាប់បណ្តាប្រទេសចូលរួមទាំងអស់ ទាំងវិស័យសាធារណៈ និងវិស័យឯកជន ដោយមានឱកាសបានចូលរួមផ្សព្វផ្សាយផលិតផល សេវាកម្ម និងគម្រោងវិនិយោគ និងបានជួបចរចារពាណិជ្ជកម្មដោយផ្ទាល់ជាមួយដៃគូថ្មីៗរបស់ខ្លួន។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ក្នុងការចូលរួមទាំងពីរលើកកន្លងទៅ កម្ពុជាបានបញ្ជូនក្រុមហ៊ុនធំៗពាក់ព័ន្ធវិស័យស្រូវអង្ករ វិស័យសំណង់ និងអចលនទ្រព្យទៅចូលរួម ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងស្វែងរកដៃគូសហការ ឬវិនិយោគរួមគ្នា។ ក្នុងអំឡុងពេលពិព័រណ៍នោះ ក្រុមហ៊ុនហ្គ្រីនត្រេដកម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់ទិញ-លក់អង្ករជាមួយដៃគូ COFCO ចិន ផងដែរ។ ចំពោះវិស័យសាធារណៈវិញ ប្រតិភូកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ធំៗដូចជា៖ ជំនួបចរចារទ្វេភាគីស្តីពីការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន, សន្និសីទកំពូល ស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ, និងវេទិកាធុរកិច្ច និងវិនិយោគជាដើម។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានស្នើសុំភាគីចិនជួយពន្លឿនការចរចាពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មមួយចំនួនទៀត ដើម្បីឈានទៅចុះហត្ថលេខាសម្រាប់នាំចេញលើផលិតផលមួយចំនួនដូចជា ផ្លែមៀន ស្រកានាគ ម្នាស់ ទុរេន ម្រេច គ្រាប់ស្វាយចន្ទី ស្កសរ ដូង និងសំបុកទឹកមាត់ត្រចៀកកាំ។ល។ កន្លងទៅ កម្ពុជា និងចិន បានចុះពិធីសារអនាម័យ និងភូតគាមអនាម័យជាបន្តបន្ទាប់ ក្នុងការនាំចេញកសិផលពីកម្ពុជាទៅកាន់ប្រទេសចិន រួមមាន៖ អង្ករ ដំឡូងមី ពោត ចេក និងផ្លែស្វាយ។

លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានស្នើភាគីចិនឱ្យជួយគាំទ្រអភិវឌ្ឍន៍ធុរកិច្ចដែលកំពុងងើបឡើង ដូចជា សេដ្ឋកិច្ចឌីជីថល ធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច ជាដើម ។ល។ និងជួយកម្ពុជារៀបចំរចនាសម្ព័ន្ធឧស្សាហកម្មឱ្យប្រសើរឡើង និងលើកកម្រិតឧស្សាហូបនីយកម្មស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ចសកលផងដែរ។

ឆ្លើយតបចំពោះការអញ្ជើញពីភាគីចិនវិញ លោករដ្ឋមន្ត្រី បានជម្រាបជូនភាគីចិនថា កម្ពុជា បានត្រៀមលក្ខណៈចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៣ ពីថ្ងៃទី០៥-១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងសៀងហៃ ជាមួយនឹងក្ដីរំពឹងថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ លើពិភពលោក នឹងត្រូវបានគ្រប់គ្រងបាន និងមានជើងហោះហើរជាប្រក្រតីឡើងវិញ។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំពន្លាជាតិកម្ពុជាមួយ និងសម្របសម្រួលដឹកនាំវិស័យឯកជនទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ដូចការចូលរួមពីរលើកកន្លងទៅផងដែរ។

សូមជម្រាបជូនថា គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ដែលបានប្រកាសជាផ្លូវការក្នុងអំឡុងពេលអញ្ជើញបើកសន្និសីទកំពូលខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Forum) ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសចិន កាលពីខែឧសភា ឆ្នាំ២០១៧ ដែលបានប្រកាសឱ្យក្រសួងពាណិជ្ជកម្មចិន សហការជាមួយរដ្ឋបាលទីក្រុងសៀងហៃ រៀបចំពិព័រណ៍នាំចូលអន្តរជាតិចិន កម្រិតពិភពលោក ដោយចាប់ផ្តើមកាលពីឆ្នាំ២០១៨។

ព្រឹត្តិការណ៍ដ៏ធំកម្រិតពិភពលោកនេះ បានទាក់ទាញការចាប់អារម្មណ៍ពីបណ្តាប្រទេសជាច្រើនលើពិភពលោក ឱ្យសកម្មចូលរួម ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងចែករំលែកព័ត៌មាន និងបទពិសោធន៍ទៅវិញទៅមក។

កម្ពុជា ធ្លាប់បានចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះ ចំនួន ២លើកមកហើយ ដែលដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក គឺលើកទី១ នៅឆ្នាំ២០១៨ និងលើកទី២ នៅឆ្នាំ២០១៩។ កាលពីឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានទទួលភារៈជាប្រទេសកិត្តិយសក្នុងពិព័រណ៍ដ៏មានសារៈប្រយោជន៍នេះផងដែរ៕