(ភ្នំពេញ)៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ជាខួបអនុស្សាវរីយ៍លើកទី៩៣ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។ ក្នុងរយៈពេល៩៣ឆ្នាំកន្លងមកនេះកងទ័ពប្រជាជនចិន បានជម្នះពុះពាររាល់ឧបសគ្គទាំងឡាយ បានចូលរួមលះបង់យ៉ាងធំធេងទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ បានកសាងស្នាដៃដ៏មហិមាសម្រាប់សន្តិសុខជាតិ បានរួមចំណែកយ៉ាងធំធេងសម្រាប់សន្តិភាពពិភពលោកផងដែរ។

បច្ចុប្បន្ននេះកងទ័ពរំដោះប្រជាជនចិន បានដឹកនាំដោយផ្តោតលើគោលដៅពង្រឹងវិស័យយោធាដែលស្ថិតក្រោមស្ថានភាពថ្មីនៃបក្សបានធ្វើដំណើរឆ្ពោះទៅមុខលើ វិថីពង្រឹងវិស័យយោធា ដែលមានលក្ខណៈពិសេសនៃប្រទេសចិនយ៉ាងមុតមាំ និងមិនវៀចវេរ បន្តអនុវត្តការពារសន្តិភាពដែលជាបេសកកម្មរបស់កងទ័ពយោធា នៃប្រទេសមហាអំណាច ដើម្បីឆ្ពោះទៅគោលដៅយ៉ាងអង់អាចក្លាហានក្នុងការបង្កើតកងទ័ពយោធាដ៏ខ្លាំងពូកែ នៅលើពិភពលោកប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។ កងទ័ពយោធាចិនជាកម្លាំងយ៉ាងមុតមាំក្នុងការការពារសន្តិភាពលើពិភពលោក។

បច្ចុន្ននេះ ពិភពលោកកំពុងតែឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំងដែលមិនធ្លាប់មានអស់រយៈពេលយូរមកហើយ ការគំរាមកំហែងសន្តិសុខប្រពៃណី និង មិនមែនប្រពៃណីមានទំនាក់ទំនងនឹងគ្នា សង្គមមនុស្សជាតិប្រឈមមុខជាមួយបញ្ហាថ្មីៗមិនចេះចប់មិនចេះហើយ កងទ័ពយោធាចិននៅតែបន្តរួមចំណែកជាកម្លាំងក្នុងការការពារសន្តិសុខសុវត្ថិភាពនៅលើពិភពលោក។ ឆ្នាំនេះ ជាខួបអនុស្សាវរីយ៍លើកទី៣០ នៃការចូលរួមប្រតិបត្តិការថែរក្សាការពារសន្តិភាព អង្គការសហប្រជាជាតិរបស់កងទ័ពយោធាចិន នាយទាហានថែរក្សាសន្តិភាពដែលបានចាត់បញ្ជូនមានចំនួនសរុបជាង ៤ម៉ឺននាក់ បានចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន ២៥លើក បានកសាងនិងជួសជុលផ្លូវសាជាថ្មីប្រមាណ១.៥ម៉ឺនគីឡូម៉ែត្រនិងស្ពានមានចំនួនជាង ៣០០ កន្លែង។ បានសម្អាតមីន និងវត្ថុមិនទាន់ផ្ទុះគ្រប់ប្រភេទជាង១ម៉ឺនគ្រាប់។ បានដឹកជញ្ជូនសម្ភារៈ និងឧបករណ៍ជាង ១.៣ លានតោន ដែលមានចម្ងាយសរុបជាង ១៣ លានគីឡូម៉ែត្រ។ បានទទួលពិនិត្យអ្នកជំងឺជាង២០ម៉ឺននាក់។

ឆ្នាំនេះជាឆ្នាំទី១២ ដែលកងទ័ពយោធាចិនបានចូលរួមក្នុងប្រតិបត្តិការការពារឈូងសមុទ្រអាដេន ដោយស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ បានចាត់បញ្ជូនក្រុមការពារចំនួន៣៥ក្រុម ដែលមាននាវាយោធាសរុបចំនួន១០៥គ្រឿង បានជួយការពារនាវាចំនួនជាង៦០០០លើកយ៉ាងជោគជ័យ។ កងទ័ពយោធាចិន បានយកប្រតិបត្តិការជាក់ស្តែងមកបង្ហាញទៅកាន់ពិភពលោកពីក្តីស្រឡាញ់សន្តិភាពរបស់ចិន និងសកម្មភាពចូលរួមទំនួលខុសត្រូវរបស់ប្រទេសមហាអំណាច ក្នុងកិច្ចការរបស់អង្គការសហប្រជាជាតិ បានអនុវត្តពាក្យពេចន៍សន្យាយ៉ាងមុតមាំក្នុងការការពារសន្តិភាពក្នុងតំបន់ក៏ដូចជាលើពិភពលោកផងដែរ។

ជំងឺវីរុស COVID-19 បានធ្វើឲ្យមានការប៉ះទង្កិចគ្នាជាមួយសន្តិសុខអនាម័យលើសកលលោក។ ប្រធានាធិបតីចិន Xi Jinping បានលើកឡើងថា នៅលើពិភពលោកមិនមានទីកន្លែងណាដែលមានសុវត្ថិភាពសុទ្ធសាធនោះទេ អ្នកជិតខាងមានបញ្ហា មិនត្រូវគិតតែរឿងធ្វើរបងសម្រាប់សុវត្ថិភាពផ្ទះខ្លួនឯងនោះទេ គួរតែចូលរួមជួយគ្នា។ ក្រោយពីកងទ័ពយោធាចិនបានយកជម្នះជាមួយកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះក្នុងប្រទេសរួច បានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តក្នុងកិច្ចទប់ស្តាត់នឹងជំងឺមួយនេះ មកកាន់កងទ័ពយោធានៃប្រទេសកម្ពុជា ក៏ដូចជាកងទ័ពយោធានៃប្រទេស៤ផ្សេងទៀត បានផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសទៅកាន់កងទ័ពយោធាចំនួន៥០ប្រទេស និងព្រមទាំងបានរៀបចំកិច្ចប្រជុំពិភាក្សាបទពិសោធន៍ទប់ស្កាត់ជំងឺវីរុស ជាមួយកងទ័ពយោធាទាំង១៧ប្រទេស តាមរយៈ Video Conference បានរួមចំណែកជា កម្លាំងចិន ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសនៅក្នុងសហគមន៍អន្តរជាតិ។

កិច្ចសហប្រតិបត្តិការនៃកងទ័ពយោធារវាងចិននិងកម្ពុជា ជាគំរូនៃកិច្ចសហប្រតិបត្តិការដែលមានប្រព័ន្ធនយោបាយខុសគ្នា និងកងទ័ពប្រទេសជាតិផ្សេងគ្នា
ចាប់តាំងពីមានការកសាងចំណងការទូតក្នុងឆ្នាំ១៩៥៨មក មិត្តភាពរវាងចិននិងកម្ពុជា មានអាយុកាលយូរអង្វែង ក្រោយពីបានឈានចូលដល់សតវត្សរ៍ថ្មីមក រឹតតែបានក្លាយជាកម្លាំងដ៏រស់រវើកថ្មីមួយទៀត។ ស្ថិតក្រោមយុទ្ធសាស្រ្តនៃការដឹកនាំរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេស កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃកងទ័ពយោធាទាំងពីរប្រទេស បានអភិវឌ្ឍន័យ៉ាងជោគជ័យ បានក្លាយជាគំរូដ៏ល្អសម្រាប់ពិភពលោក។

ដំណើរប្រតិបត្តិការការពារសន្តិភាពដំបូងគេ បានភ្ជាប់និស្ស័យរវាងកងទ័ពយោធាចិន ជាមួយនឹងប្រទេសកម្ពុជា។ នាខែមេសា ឆ្នាំ១៩៩២ ដល់ ខែកញ្ញា ឆ្នាំ១៩៩៣ ប្រទេសចិនបានចាត់បញ្ជូនកងទ័ពវិស្វកម្មជាង៨០០រូបមកកាន់ប្រទេសកម្ពុជា ដោយបានបែងចែកជាពីរលើកមកការបំពេញភារកិច្ចការពារសន្តិភាព នេះជាដំណើរប្រតិបត្តិការការពារសន្តិភាពរបស់អង្គការសហប្រជាជាតិដែលប្រទេសចិនបានចូលរួមដំបូងគេបង្អស់។ ពួកគេបានពុះពាររាល់ឧបសគ្គ បានជួសជុលផ្លូវថ្នល់ជាង ៥០០គីឡូម៉ែត្រ ស្ថាបនាស្ពានចំនួន ៣៦ កន្លែង បានជួសជុលអាកាសយានដ្ឋានចំនួន ២ កន្លែង និងបានសាងសង់បន្ទាយទាហានដែលមានទំហំរាប់ពាន់ម៉ែត្រការ៉េ។ ក្នុងនោះ ផ្លូវជាតិលេខ៤ និងលេខ៦ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែសង្គ្រាម ក្រោយពីបានជួសជុលដោយកងទ័ពវិស្វកម្មចិនរួចមក ត្រូវបានក្លាយជាផ្លូវដ៏សំខាន់បំផុតសម្រាប់ការដឹកជញ្ជូនសម្ភារៈជំនួយ និង កម្លាំងការពារសន្តិភាពរបស់អង្គការសហប្រជាជាតិទៅកាន់គោលដៅនានាក្នុងប្រទេសកម្ពុជា។ នាពេលនោះ ជាអកុសលមានកងទ័ពយោធាចិនចំនួន២រូបត្រូវបានបាត់បង់ជីវិត ពួកគេបានពលីជីវិតយុវវ័យក្នុងកិច្ចការសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ ប្រជាជនបាននាំគ្នាសាងសង់វិមានរំឭកគុណវីរជនការពារសន្តិភាពជូនដល់ពួកគេ ក៏បានសាងសង់វិមានមិត្តភាពចិននិងកម្ពុជាផងដែរ។

ការពួតដៃគ្នាទប់ស្កាត់នឹងជំងឺវីរុស COVID-19 នាពេលថ្មីៗនេះ បានធ្វើឲ្យទំនាក់ទំនងកងទ័ពយោធាទាំងពីរប្រទេសឈានចូលដល់ដំណាក់កាលថ្មីមួយទៀត។ ស្ថានភាពជំងឺវីរុសនាដើមគ្រា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់ប្រទេសចិននេះបានបង្ហាញពីការគាំទ្រគ្នាយ៉ាងមុតមាំ ជូនចំពោះប្រទេសចិន, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអញ្ជើញធ្វើដំណើរមកកាន់ស្ថានទូតចិន ដើម្បីផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសដល់ក្រសួងការពារជាតិចិន។

ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺវីរុសមក ភាគីចិនមានអារម្មណ៍ដូចគ្នា បានចាត់បញ្ជូនក្រុមអ្នកជំនាញយោធាចិនដំបូងគេលើសកលលោកដើម្បីចូលរួមកិច្ចទប់ស្កាត់ នឹងជំងឺវីរុសដែលបានកើតឡើងក្នុងប្រទេសកម្ពុជា និងព្រមទាំងបានបានផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសដ៏ចាំបាច់ចំនួន៤លើកមកកាន់ប្រទេសកម្ពុជា ដោយបានដឹកជញ្ជូន តាមរយៈយន្តហោះយោធា នេះគឺជាចំនួនដ៏ច្រើនបំផុតដែលកងទ័ពយោធាចិនបានផ្តល់ជំនួយទៅកាន់បរទេស។ ក្រុមអ្នកជំនាញយោធាចិនលើកិច្ចទប់ស្កាត់នឹងជំងឺវីរុស បានបន្តស្មារតីអន្តរជាតិនិយមដែលជាស្មារតីយកអាយុជីវិតរបស់កងទ័ពយោធាការពារសន្តិភាពមកធ្វើការការពារថែរក្សា ត្រូវបានប្រែក្លាយជាបេសកជនមិត្តភាពចិនកម្ពុជា នាយុគសម័យថ្មីនេះ ការខិតខំបំពេញភារកិច្ចចំនួន២ខែ មានភាពលេចធ្លោខ្លាំង ហើយសម្ដេចពិជ័យក៏បានរៀបចំពិធីលាដំណើរជាពិសេស និងបានផ្តល់គ្រឿងឥស្សរយសជូនដល់ពួកគាត់ផងដែរ។ កងទ័ពយោធាចិននៅតែបន្តការពារសន្តិភាពពិភពលោកនិងសុវត្ថិភាពក្នុងតំបន់។

លោក Xi Jinping ប្រធានាធិបតីចិនបានសង្កត់ធ្ងន់ថា មនុស្សជាតិជាសហគមន៍ជោគវាសនារួមមួយ កិច្ចសហប្រតិបត្តិការសាមគ្គីគ្នាជាអាវុធដ៏មានកម្លាំងបំផុតក្នុងការប្រយុទ្ធប្រឆាំង ជាមួយជំងឺវីរុសក្នុងសហគមន៍អន្តរជាតិ។ កិច្ចសហប្រតិបត្តិការពិភាក្សាគ្នារវាងភាគីចិនជាមួយកងទ័ពយោធាកម្ពុជាក៏ដូចជាកងទ័ពនៃប្រទេសដទៃទៀតមានភាពស្មោះត្រង់ រីឯមនោសញ្ចេតនាក៏ស្មោះត្រង់ផងដែរ ការគាំទ្រគ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ និងប្រកបដោយចិត្តស្មោះនេះមានភាពផ្ទុយស្រឡះជាមួយការអនុវត្តរបស់សហរដ្ឋអាមេរិក ជំរុញតែអត្តទត្ថភាព ឯកតោភាគីនិយម និងអំណាចនៃការសង្កត់ ក្នុងគោលបំណងចង់បង្វែរសម្ពាធនយោបាយក្នុងប្រទេសខ្លួនមកលាបពណ៌ទម្លាក់កំហុសលើអ្នកដទៃ បានបំផ្លាញវិធីសាស្រ្តនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ បានក្លាយជាការប្រៀបធៀបយ៉ាងជាក់ស្តែងបំផុត។

ជាពិសេសនោះគឺ ប្រទេសមួយចំនួនដែលយកសហរដ្ឋអាមេរិកជាធំ ស្ថានភាពជំងឺវីរុសរបស់ខ្លួនមិនទាន់ទទួលបានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពផង បែរជាដើម្បីអត្ថប្រយោជន៍ខ្លួន រិះរកល្បិចកលបង្កបញ្ហាជម្លោះរឿងសមុទ្រចិនខាងត្បូង ធ្វើភ្លៀងធ្វើខ្យល់ បំបែកទំនាក់ទំនងរវាងចិននិងប្រទេសក្នុងតំបន់ រំខានបំផ្លាញការខិតខំរក្សាការពារស្ថេរភាពសន្តិភាពសមុទ្រចិនខាងត្បូងរវាងប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ននេះស្ថិតក្រោមការខិតខំរួមគ្នារវាងចិន និងប្រទេសក្នុងតំបន់អាស៊ាន ស្ថានភាពសមុទ្រចិនខាងត្បូងមានស្ថេរភាពជារួមវិញហើយ។

ប្រទេសចិននិងបណ្តាប្រទេសក្នុងតំបន់អាស៊ានមិនត្រឹមតែគោរពតាម សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (Declaration of the Conduct of the South China Sea) និងថែមទាំងពង្រឹងកិច្ចពិភាក្សាលើ ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (Code of Conduct in the South China Sea-COC) ឲ្យរឹតតែមានភាពល្អប្រសើរ។ យើងជឿជាក់ថា ការញុះញង់បង្កបញ្ហារបស់សហរដ្ឋអាមេរិក មិនអាចជោគជ័យបានឡើយ នរណាជាអ្នកបំផ្លាញនិងជាអ្នកដែលតែងបង្ករឿងបញ្ហាដល់ ស្ថេរភាពសន្តិភាពនៅក្នុងតំបន់ សហគមន៍អន្តរជាតិបានស្តែងឲ្យឃើញយ៉ាងច្បាស់បំផុតរួចទៅហើយ។

ឆ្លៀតក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៣ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន សូមរំឭកពីប្រវត្តិសាស្រ្ត ដើម្បីអធិបតេយ្យភាពនិងសន្តិភាព យើងបានឆ្លងកាត់ភាពលំបាកជាច្រើន។ មើលឆ្ពោះទៅកាន់ពិភពលោកវិញ ដើម្បីសន្តិសុខនិងការអភិឌ្ឍ យើងបានទទួលទំនួលខុសត្រូវយ៉ាងធ្ងន់បំផុត។ ប្រទេសចិនជាស្ថាបនិកសន្តិភាពពិភពលោក ជាអ្នកលះបង់ក្នុងកិច្ចអភិវឌ្ឍន៍ជាសកល ជាអ្នកការពារសណ្ដាប់ធ្នាប់អន្តរជាតិកងទ័ពយោធាចិននៅតែបន្តអនុវត្តកិច្ចសហប្រតិបត្តិការ ពិភាក្សាលើកិច្ចយោធាអន្តរជាតិ ដើម្បីតបទល់ជាមួយបញ្ហាប្រឈមនឹងសន្តិសុខលើសកលលោក បំពេញទំនួលខុសត្រូវនិងកាតព្វកិច្ចដែលសមស្របជាមួយ ឋានៈអន្តរជាតិរបស់ប្រទេសចិន ប្រាជ្ញាចិត្តការពារសន្តិភាព មិនកែប្រែស្មារតីពីដំបូង ផ្តួចផ្តើមសហការគ្នា ប្រឆាំងនឹងអំណាចគាបសង្កត់ ដើម្បីជំរុញជាកម្លាំងរួមចំណែកក្នុងការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិគ្រប់រូបយ៉ាងសកម្ម៕

ដោយ៖ លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា