(កោះកុង)៖ កម្លាំងនគរបាលខេត្តកោះកុង សហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ នៅវេលាម៉ោង ១១៖៣៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ បានស្រាវជ្រាវរហូតឈានទៅដល់ការចាប់ខ្លួន បក្ខពួកចោរប្លន់ម្នាក់ ដែលធ្លាប់ធ្វើសកម្មភាពនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាពេលកន្លងទៅ។

លោក ស៊ុន ឃៀម អធិការនគរបាលស្រុកកោះកុង បានប្រាប់ភ្នាក់ងារ Fresh News ថា ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត កម្លាំងរបស់លោក និងកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយនគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានពួនស្ទាក់រហូតចាប់បានមុខសញ្ញាប្លន់រូបនេះតែម្តង។

ជនសង្ស័យមានឈ្មោះ ធូន ភារម្យ អាយុ២២ឆ្នាំ មានទីលំនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងធ្វើការសាកសួររួចរាល់កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿង ប្រគល់ទៅខ្លូនជនសង្ស័យទៅឲ្យ លោក ចាន់ ភារម្យ អធិការរងស្រុកស្ទឹងហាវ ដើម្បីចាត់ការបន្តទៅនីតិវិធីច្បាប់៕