(ភ្នំពេញ)៖ ប្រជាពលរដ្ឋ កម្មករ-កម្មការនី រស់នៅនៅក្នុងខណ្ឌឫស្សីកែវជាង ១,០០០នាក់ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ បានមកទទួលសេវាព្យាបាល​ដោយឥតគិតថ្លៃ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ រួមសហការជាមួយអជ្ញាធរ និងអង្គការ KOTRA យុវជន និងផ្នែកដែលពាក់ព័ន្ធ។ ក្នុងសកម្មភាពមនុស្សធម៌នេះ ក្រុមការងារពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ច្រមុះបំពង់ក វះកាត់តូច រោគស្ត្រី និងឆ្លុះអេកូផ្ទៃពោះ ដោយយកចិត្តទុកដាក់ប្រកបសីលធម៌វិជ្ជាជីវៈ។ ប្រការនេះហើយ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសេចក្តីសោមនស្សរីករាយក្នុងការទទួលសេវាព្យាបាលនេះ។​

ក្នុងនាមអជ្ញាធរ លោក មូល វិរៈ ចៅសង្កាត់ឫស្សីកែវ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងគិតគូរដល់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការនី ពីប្រមុខរាជរដ្ឋាភិបាល តាមរយៈការព្យាបាលដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការនី និងប្រជាពលរដ្ឋដល់មូលដ្ឋាន។

ឯកឧត្តម ឃួង ស្រេង អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានលើកឡើងថា គ្មានឪពុកម្តាយណាដែលបង្កើតកូនមកហើយ មិនចិញ្ចឹមបីបាច់មើលថែរក្សានោះទេ។ ដូចគ្នានេះដែរ រាជរដ្ឋាភិបាលបានបានខិតខំស្វែងរកវិនិយោគទុន បង្កើតរោងចក្រ​ដើម្បីផ្តល់ឱកាសការងារជូនបងប្អូនកម្មករ-កម្មការនី ហើយមិនបានគិតគូរពីប្រាក់ឈ្នួល និងសុខទុក្ខរបស់កម្មករនោះទេ គឺរាជរដ្ឋាភិបាលបានគិតគូរយកចិត្តទុកដាក់ណាស់ ចំពោះសុខុមាលភាព ជីវភាពរស់នៅប្រជាពលរដ្ឋ បងប្អូនកម្មករ-កម្មការនី បម្រើការនៅតាមរោងចក្រតាមរយៈការតម្លើងប្រាក់ឈ្នួល ការបញ្ចុះថ្លៃអគ្គិសនី ថ្លៃទឹក ថ្លៃផ្ទះជួល និងការរស់នៅប្រចាំថ្ងៃ ​ដែលការគិតគូរនេះបានធ្វើឱ្យបងប្អូនកម្មករ-កម្មការនី មានជីវភាពរស់នៅសមរម្យ។​​​​​​​​​​​​​​

សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង បានឱ្យដឹងថានគោលបំណងរបស់សមាគម គឺផ្តល់ការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងទី២ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

គិតមកដល់ត្រឹមឆ្នាំ២០១៦នេះ សមាគមបានចុះព្យាបាលជូនប្រជាពលរដ្ឋក្រីក្របាន ៨១គោលដៅ ដោយបានពិនិត្យ និងព្យាបាលប្រជាពលរដ្ឋបានចំនួនសរុបជិត ១៣ម៉ឺននាក់។ ហើយសមាគមមានគម្រោងចុះព្យាបាលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅគោលដៅធំៗចំនួន ០៣គឺទី១ ចុះតាមបណ្តាខេត្ត ទី២.ចុះតាមអង្គការ សហគមន៍ និងទី៣នៅតាមរោងចក្រ៕