(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានកម្ពុជា រួមជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសសមាជិកអាស៊ានដទៃទៀត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកកិច្ចពិភាក្សាពិសេសមួយជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន ដើម្បីដាក់ចេញនូវយន្តការមួយចំនួនដោះស្រាយវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩ ក៏ដូចជាការស្តារសេដ្ឋកិច្ចឡើងវិញ។

កិច្ចប្រជុំត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ដឹកនាំដោយលោក ត្រាន់ ទ័នអាន់ (Tran Tuan Anh) រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមអគ្គលេខាធិការអាស៊ានផងដែរ។

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់ពីស្ថានភាពនៃកូវីដ-១៩ នៅក្នុងតំបន់ ចែករំលែកពីវិធានការនានាក្នុងការប្រយុទ្ធនឹងមេរោគកូវីដ-១៩ និងពិភាក្សាពីការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។

ក្រសួងបានឱ្យដឹងទៀតថា ជាលទ្ធផលកិច្ចប្រជុំបានអនុម័តលើ «ផែនការសកម្មភាពក្នុងការពង្រឹងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន»។ ផែនការនេះផ្តោតសំខាន់លើការថែរក្សាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាងអាស៊ាន និងជប៉ុន កាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ចបណ្តាលមកពីមេរោគកូវីដ-១៩ និងពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។

ក្នុងកិច្ចប្រជុំនេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវលើថ្នាំពេទ្យ និងវ៉ាក់សាំង ការរក្សាការបើកចំហទីផ្សារ ក៏ដូចជាការធានានូវលំហូរស្បៀង និងទំនិញក្នុងតំបន់។

ក្នុងន័យនេះលោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការសហការគ្នាឱ្យកាន់តែជិតស្និទ្ធលើកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លុបបំបាត់របាំងពាណិជ្ជកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្តារឡើងវិញនូវទំនុកចិត្តរបស់វិស័យធុរកិច្ច និងអតិថិជន។

លោករដ្ឋមន្ត្រី ក៏បានជម្រាបអង្គប្រជុំពីវិធានការដ៏មានប្រសិទ្ធភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ និងបានថ្លែងអំណរគុណដល់ជប៉ុន ដែលបានជួយដល់កម្ពុជាក្នុងការទប់ទល់នឹងកូវីដ-១៩ តាមរយៈជំនួយបច្ចេកទេស និងបរិក្ខារពេទ្យជាដើម៕