(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក សុខ សារឿន ជាស្វាមីអ្នកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម នៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក សុខ សារឿន អតីតយុទ្ធជនចូលនិវត្តន៍ មានវ័យ៦៧ឆ្នាំ បានទទួលមរណភាព នៅវេលាម៉ោង ០៩៖៥១ នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ដោយរោគាពាធ។

បើតាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា ប្រការដែលថ្នាក់ដឹកនាំបានចូលរួមគោរពវិញ្ញាណក្ខន្ធ ចំពោះសពអតីតយុទ្ធជននេះ ក្រៅពីការចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសព ក៏ជាការសម្ដែងនូវការដឹងគុណ ដែលសពអតីតយុទ្ធជនរូបនោះ បានបំពេញកាតព្វកិច្ចយ៉ាងច្រើន ជូនជាតិនាពេលកន្លងមកផងដែរ។