(កំពង់ឆ្នាំង)៖ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានសង្ឃដីការថា ទីវត្តអារាមជាទីជំរកអប់រំចរិយាធម៌ដល់ពុទ្ធបរិស័ទ និងយុវជនដែលជា ទំពាំងស្នងឫស្សី ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្តដល់សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរ ដើម្បីលុបបំបាត់អំពើហិង្សាគ្រួសារ និងសង្គមជាតិ។

ព្រះមេត្តិសត្ថា វង្ស កុសល មានសង្ឃដីការដូចនេះនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសដែលព្រះអង្គអញ្ជើញជាអធិបតីប្រកាសតែងតាំងភិក្ខុ អ៊ន ឆៃរ៉ាក់ ជាព្រះគ្រូចៅ អធិការស្តីទីវត្តសិរីសុវណ្ណ (ហៅវត្តថ្មី) ដោយមានការចូលរួមពីលោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង, ព្រះគ្រូបញ្ញាបទីបោ ម៉ុច សៅលី ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា, លោក ផៅ ស្រៀង អភិបាលរងស្រុករលាប្អៀរ មន្រ្តីមន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរដែនដី និងពុទ្ធបរិស័ទចូលរួមផងដែរ។

ព្រះមេត្តិសត្ថា វង្ស កុសល បានមានសង្ឃដីកាបន្ថែមថា ការប្រកាសផ្តល់ដំណែងដល់មន្រ្តីសង្ឃនាពេលនេះ គឺដើម្បីបំពេញឱ្យបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រង ការដឹកនាំផ្នែកពុទ្ធសាសនាដើម្បីគ្រប់គ្រងកសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

លោក សរ លាង បានថ្លែឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ និងមានការអភិវឌ្ឍរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធារ និងមានសិទ្ធិគោរពតាមជំនឿសាសនារៀងៗខ្លួន។ ជាពិសេសប្រទេសកម្ពុជាព្រះពុទ្ធសាសនាជាសសានារបស់រដ្ឋ ដូចនេះមានប្រជាពលរដ្ឋជាច្រើនបានគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ លោកក៏បានផ្ដាំផ្ញើដល់អាចារ្យ គណៈកម្មការទាំងអស់ត្រូវចេះសាមគ្គីភាពគ្នាឱ្យបានល្អ គឺត្រូវគោរពតាមតួនាទី និងភារកិច្ចរបស់ខ្លួន។

ក្នុងឱកាសនោះដែរលោក ផៅ ស្រៀង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវរស់នៅឱ្យមានអនាម័យល្អ ជៀសផុតពីជំងឺផ្សេងៗ និងត្រូវបន្តប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការការពារ និងទប់ស្កាត់ នូវជំងឺផ្សេងៗជាពិសេសជំងឺ COVID-១៩ កុំឱ្យកើតក្នុងគ្រួសារ និងនៅក្នុងសហគមន៍ផងដែរ។ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅឱ្យខិតខំរៀនសូត្រជៀសឱ្យឆ្ងាយពីគ្រឿង និងអំពើអបាយផ្សេងៗដែលសង្គមស្អប់ខ្ពើម និងបង្កើនមុខរបររកចំណូលប្រចាំថ្ងៃជាពិសេស ចូលរួមបង្កបង្កើនផលឱ្យបានទាន់រដូវកាលផងដែរ។

នៅចុងបញ្ចប់ព្រះមេត្តិសត្ថាវង្ស កុសល និងលោក សរ លាង រួមទាំងមន្ត្រីសង្ឃផ្សេងៗទៀត ក៏បានចែកទេយ្យទានដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០គ្រួសារ និង បានរៀបចំស្រោចស្រពព្រះសុគន្ធវារីដល់ព្រះចៅអធិការស្តីទីវត្តសិរីសុវណ្ណ ហៅវត្តថ្មីនេះផងដែរ៕