(ស្វាយរៀង)៖ នៅក្នុងពិធីសម្ពោធអគារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង ចំណាយការសាងសង់អស់ប្រមាណជាង ៨ម៉ឺនដុល្លារ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២០ ក្រោមវត្តមានលោក លោក ម៉ែន វិបុល អភិបាលខេត្ត។ នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងមន្ត្រីរាជរួមគ្នាទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ រលកទី២។

លោកអភិបាលខេត្ត បានថ្លែងថា ដូច្នេះត្រូវធ្វើយ៉ាងណាមិនឱ្យឆ្លងដល់សហគមន៍ជាដាច់ខាត ខណៈពិភពលោកមានអ្នកឆ្លងជំងឺនេះជាង១៦លាននាក់ និងស្លាប់ជាង ៦សែននាក់ហើយ ចំណែកប្រទេសកម្ពុជា នៅថ្ងៃនេះរកឃើញឆ្លង ៧នាក់ទៀត ដែលសុទ្ធសឹងជាការនាំចូលពីក្រៅប្រទេស សូមអាជ្ញាធរនឹងប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ-១៩ ដោយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

នៅក្នុងឱកាសនោះដែរ លោក ម៉ែន វិបុល បានកោតសរសើរដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ដែលរយៈកាលកន្លងមក បានខិតខំចុះបញ្ជីជាលក្ខណៈ ជាប្រព័ន្ធជូនប្រជាពលរដ្ឋបានល្អប្រសើរ និងបានរៀបចំសំណង់ទាំងអស់ឱ្យមានច្បាប់តាមទីប្រជុំជននៅក្រុងស្វាយរៀង និងក្រុងបាវិត។ ខេត្តស្វាយរៀង ក៏មិនចាញ់ពីក្រុងព្រះសីហនុប៉ុន្មានដែរ តែដោយសារជំងឺកូវីដ-១៩ នាំឱ្យអ្នកវិនិយោគខ្លះផ្អាកការសាងសង់មួយរយៈសិន ដូច្នេះ រាល់សំណង់ទាំងអស់ឱ្យអ្នកវិនិយោគទាំងនោះរត់ច្បាប់ឱ្យបានត្រឹមត្រូវក្នុងការសាងសង់សំណង់។

លោកបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង តែងតែដាស់តឿនដល់លោកលោកស្រីដែលជាប្រធានមន្ទីរនានាជុំវិញខេត្តត្រូវយកចិត្តទុកដាក់ចំពោះនិវត្តជន ដើម្បីឱ្យអ្នកជំនាន់ក្រោយ បានស្គាល់ពួកគាត់ ដូច្នេះ ក្នុងមួយឆ្នាំត្រូវធ្វើកម្មវិធីសំណេះសំណាលជួបពួកគាត់ម្ដង ឬពីរដងតាមលទ្ធភាពរបស់មន្ទីរដែលអាចធ្វើបាន គឺទាំងមន្ត្រីដែលកំពុងធ្វើការ និងអ្នកដែលបានចូលនិវត្តន៍ ដើម្បីបានសំណេះសំណាល និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីធ្វើការងារឱ្យមានការរីកចម្រើនទៅមុខ។

នៅក្នុងពិធីនេះផងដែរ លោក ម៉ែន វិបុល បានឧបត្ថម្ភដល់និវត្តជនមានគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន ២០ម៉ឺនរៀល ក្នុងម្នាក់ៗផងដែរ៕