(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញ ប្រកាសជាផ្លូវការកែសម្រួលកងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក និងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ, វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្មង់ដូ ជំនាន់ទី១០ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបរ-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ជំនាន់ទី៤។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះកងពលតូចទ័ពពិសេសឆត្រយោង៩១១ ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល សម្រេចកែសម្រួលតម្លើងទៅជា បញ្ជាការដ្ឋានទ័ពពិសេស ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលនេះជាជំហានថ្មីមួយទៀតប្រកបដោយមោទនភាពសម្រាប់កងយោធពលខេមរភូមិន្ទ។
បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់កងទ័ពជើងគោក ក៏ដូចជាសម្រាប់កងពលតូចទ័ពពិសេសឆត្រយោង៩១១ផ្ទាល់ ហើយក៏បានបង្ហាញឲ្យឃើញការទទួលស្គាល់សមត្ថភាព, ឆន្ទៈ និងការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចកន្លងមក របស់យោធិនទូទាំងអង្គភាព។
គួរជម្រាបថា រហូតមកដល់ពេលនេះ កងពលតូចទ័ពពិសេសឆត្រយោង៩១១ ស្ថិតក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយទទួលបានការកែសម្រួល ផ្តើមពីកងអនុសេនាធំកងទ័ពឆត្រយោង ក្នុងឆ្នាំ១៩៤៨ និងបានក្លាយជាកងវរសេនាធំ នៅក្នុងឆ្នាំ១៩៩៥ និងជាកងពលតូចនៅក្នុងឆ្នាំ១៩៩៩ ហើយបានក្លាយជាបញ្ជាការដ្ឋានទ័ពពិសេស។
ក្នុងឆ្នាំ២០២០នេះ ដែលជាឆ្នាំពិសេសមួយ ព្រោះជាមួយនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំជាកងអន្តរាគមន៍ ក្នុងកម្រិតរចនាសម្ព័ន្ធ ចាត់តាំងថ្មី កងពលក៏ទទួលបាននូវការបំពាក់ឯកសណ្ឋានថ្មី ដែលរចនាដោយនាយទាហានរបស់អង្គភាពផ្ទាល់ ប៉ុន្តែបេសកកម្ម គឺនៅដដែល គឺការហ្វឹកហ្វឺនពង្រឹងកម្លាំង និងត្រៀមអនុវត្តបទបញ្ជា ដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ក៏ដូចជាការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ។
សំខាន់ផងដែរនោះ គឺក្នុងនាមជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះកងទ័ពជើងគោក ដែលទទួលភារកិច្ចជាទ័ពជំនាញ អង្គភាពធ្វើការហ្វឹកហ្វឺនជំនាញទ័ពពិសេស មិនមែនតែនៅក្នុងក្របខ័ណ្ឌកងទ័ពជើងគោកប៉ុណ្ណោះទេ ប៉ុន្តែអង្គភាពក៏មានភារកិច្ចបណ្តុះបណ្តាលកសាងសមត្ថភាពលើជំនាញនេះ សម្រាប់ទូទាំងកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធជាតិទាំងមូលតែម្តង រួមទាំងកងនគរបាលជាតិផងដែរ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់រយៈពេលវែង កំណែទម្រង់កងទ័ពត្រូវផ្អែកលើមូលដ្ឋានជាតិនិយមក្នុងនោះ ទី១៖ ត្រូវថែរក្សានូវស្មារតីឆន្ទៈសេ្នហាជាតិ, ការពារ ជាតិ សាសនា ព្រះមហាក្សត្រ, ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពជាតិ, ទី២៖ត្រូវធានាឲ្យបាននូវ សមត្ថភាពម្ចាស់ការលើការបំពាក់ និងការហ្វឹកហ្វឺន។ ចក្ខុវិស័យរបស់កងទ័ពជើងគោកក្នុងការកែទម្រង់ គឺការហ្វឹកហ្វឺនត្រូវធ្វើជាជំហានៗ ជាពិសេសការហ្វឹកហ្វឺនទ័ពជំនាញ ហើយត្រូវប្រមូលផ្តុំពីលើចុះក្រោម ឲ្យសមស្របនឹងធនធានរបស់យើង ស្របនឹងអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាសខួប ២០ ឆ្នាំ បង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលតម្រូវឲ្យពង្រឹងការហ្វឹកហ្វឺន និងបង្កើនសមត្ថភាពលើគ្រប់ផ្នែក។
ក្នុងទិសដៅនេះ ការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនទ័ពពិសេស គឺស្ថិតនៅក្នុងផែនការ និងចក្ខុវិស័យនៃការពង្រឹង និងកំណែទម្រង់ ដើម្បីឈានទៅភាពម្ចាស់ការ ក្នុងការធានាបាននូវនិរន្តរភាពនៃការហ្វឹកហ្វឺនលើជំនាញទ័ពពិសេសនៅក្នុងកងយោធពលខេមរភូមិន្ទ។ និរន្តរភាពនៃការផ្ទេរចំណេះជំនាញ និងសមត្ថភាព គ្មានអ្វីក្រៅពីការពង្រឹងយោធាចារ្យ និងសាលានោះទេ។ ដូច្នេះការរៀបចំហេដ្ឋារចនាសម្ព័ន្ធ, កម្មវិធីសិក្សា និងយោធាចារ្យ គឺជាកិច្ចការសំខាន់។ ទាំងនេះ គឺការវិនិយោគរយៈពេលវែង ជាការកសាងមូលដ្ឋានជាជំហានៗ សំដៅធានានិរន្តរភាព។
ដោយឡែក នៅក្នុងការងារជួយសង្គ្រោះគ្រោះមហន្តរាយ ការហ្វឹកហ្វឺនក៏ជាកិច្ចការសំខាន់ផងដែរ ជាពិសេស ឆ្លងតាមបទពិសោធន៍កន្លងមក ការផ្សាភ្ជាប់ពីការហ្វឹកហ្វឺន ទៅនឹងការពិត គឺជាកត្តាចំបាច់ ដើម្បីបង្កើតនូវភាពក្លាហាន និងភាពថ្នឹកប៉ិនប្រសប់។ នៅក្នុងគ្រោះមហន្តរាយ មួយវិនាទីណាក៏សំខាន់ សម្រាប់ការជួយសង្គ្រោះអាយុជីវិតដែរ ដូច្នេះទន្ទឹមនឹងការការពារជាតិ ការពារសុខសន្តិភាព ដែលជាភារកិច្ចស្នូលរបស់កងទ័ព ភារកិច្ចបន្ថែមរបស់យើង គឺការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងប្រតិបត្តិការមនុស្សធម៌៕