(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យកម្ពុជា មានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងវឌ្ឍនភាព ដែលជាសក្តានុពលដ៏ខ្លាំងមួយ ក្នុងការទាក់ទាញការវិនិយោគជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសន្យាសហប្រតិបត្តិការអាជីវកម្ម រវាងក្រុមហ៊ុន ស៊ីជេស៊ីឌី ដឺវេឡុបមេន និងក្រុមហ៊ុន គីនីន ដ្រេហ្គន ដឺវេឡុបមេន នៅសណ្ឋាគារសុខាភ្នំពេញ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានន្តថា ក្នុងនាមជាមន្ត្រីរាជការ១រូបលោកពិតជាមានមោទនភាពណាស់ ដែលឃើញបណ្តាក្រុមហ៊ុនវិនិយោគជាច្រើន បាននាំគ្នាមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដោយមានភាពជឿជាក់មិនភ័យខ្លាចក្រោម ក្រោមដំបូលសន្តិភាព ដែលប្រទេសកម្ពុជា ទទួលបានរយៈជាង២០មកនេះ។ លោកសង្ឃឹមថា បន្ទាប់ពីចុះ MoU នាពេលនេះ អាចនឹងនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ បង្កើនឱកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា ហើយកត្តាទាំងនេះជាចំណុចស្នូលដែលរាជរដ្ឋាភិបាលកម្ពុជា កៀរគរបណ្តាអ្នកវិនិយោគឱ្យបន្តដាក់ទុននៅក្នុងប្រទេស។

នាយឧត្តមសេនីយ៍ បានប្រកាសស្វាគមន៍ចំពោះការដាក់ទុនវិនិយោគទាំងអស់ពីសំណាក់បណ្តាក្រុមហ៊ុនវិនិយោគទាំងអស់ ក៏ប៉ុន្តែ ត្រូវតែគោរពតាមច្បាប់ ស្តង់ដារសុវត្ថិភាព ដែលបានចែងឡើងតាមច្បាប់របស់ប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ តំណាងក្រុមហ៊ុនទាំងពីរ ក៏បានប្តេជ្ញាគោរពតាមច្បាប់ ស្តង់ដារសុវត្ថិភាព និងច្បាប់ការងាររបស់កម្ពុជា។ តំណាងក្រុមហ៊ុនទាំងពីរនេះ បានឱ្យដឹងថា ដោយសារតែកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យពួកលោកមានឱកាសក្នុងការវិនិយោគលើគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា៕