(កែប)៖ គិតចាប់ពីឆ្នាំ២០១៦មក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើអត្តសញ្ញាណកម្មជនពិការក្រីក្រ និងបានផ្តល់របបគោលនយោបាយជូនជនពិការក្រីក្រ ចំនួន ១៦.៤១០នាក់ ក្នុងខេត្តចំនួន១៥។

សម្រាប់ឆ្នាំ២០២០នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ឱ្យដំណើការអនុវត្តរបបគោលនយោបាយនេះចំនួន៤ រាជធានីខេត្តថ្មីបន្ថែមទៀត រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កែប និងខេត្តកោះកុង។ នេះបើតាមការលើកឡើងរបស់ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាង លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា ជនមានពិការភាពក្រីក្រ ក្នុងខេត្តកែបនឹងទទួលបានរបបឧបត្តមគោលនយោបាយពីរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តរបបគោល នយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ នាថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក ញ៉ឹក វណ្ណារ៉ា បានសម្តែងនូវការកោតសរសើរ ចំពោះគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយខេត្តកែប ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ជាពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលតែងតែរួមសហការគ្នា ក្នុងការអនុវត្តការងារពិការភាព សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សំគាល់ ជាពិសេសការប្រមូលទិន្នន័យដំបូង សម្រាប់ជនពិការទូទៅនៅក្នុងខេកែប។

ក្នុងនោះផងដែរ លោក ញ៉ឹក វណ្ណារ៉ា បានផ្តល់នូវអនុសាស្រ្តសំខាន់ៗមួយចំនួនជូន ដល់សមាជិកសមាជិការនៃសិក្ខាសាលានាពេលនោះរួមមាន៖

*ទី១៖ បន្តសហការជាមួយមន្ទីរផែនការខេត្ត លើការបន្ស៊ីផែនការសកម្មភាព ក្នុងការកំណត់អត្តសញ្ញាណជនពិការក្រីក្រ នៅតាមសហគមន៍។
*ទី២៖ សហការជាមួយមន្ទីរ ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការដែលមានការងារពាក់ព័ន្ធនឹងការស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ ធ្វើការចងក្រងជាប្រព័ន្ធគ្រប់គ្រងព័ត៌មានពិការភាព ដើម្បីងាយស្រួលកំណត់ជនមានពិការភាពទូទៅ ជាពិសេសជនមានពិការភាពក្រីក្រ ក្នុងការផ្តល់របបគោលនយោបាយឱ្យបានល្អប្រសើរ ។
*ទី៣៖ ត្រូវបន្តជំរុញមន្ទីរ ស្ថាប័ន និងផ្នែកឯកជន ឱ្យទទួលជនមានពិការភាព ចូលបម្រើការងារតាមអត្រាកំណត់ ២% សម្រាប់ស្ថាប័នរដ្ឋ និង ១% សម្រាប់វិស័យឯកជន។
*ទី៤៖ រដ្ឋបាលសិទ្ធិជនពិការខេត្តព្រះសីហនុ ត្រូវធ្វើអធិការកិច្ចវិស័យពិការភាពចំពោះ ស្ថាប័នរដ្ឋ និងវិស័យឯកជន លើអត្រាទទួលជនមានពិការភាពឱ្យចូលបម្រើការងារ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា ដែលបាននិងកំពុងដាក់ឱ្យអនុវត្តជាធរមាន។

ជាមួយគ្នានេះដែរ លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប បានលើកឡើងថាខេត្តកែបកន្លងមក ក៏ដូចជាបច្ចុប្បន្នបានយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាពនៅទូរទាំងខេត្ត ព្រោះថាការងារពិការភាព គឺជាការងារពហុវស័យដែលទាមទារឱ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រោះថាជនពិការក៏ជាប្រភពធនធានមួយនៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

ដោយកន្លងមក ក៏ដូចជាបច្ចុប្បន្ន រដ្ឋបាលខេត្ត បានផ្ដល់លទ្ធភាពដល់ជនពិការគ្រប់រូប ទទួលបានសេវាសុខភាព អប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកបដោយគុណភាព និងសមភាពព្រមទាំងបានលើកកម្ពស់ការចូលរួមរបស់ជនពិការ ក្នុងការសម្ដែងមតិ ទទួលបានព័ត៌មាន។ ក្រៅពីនោះ រដ្ឋបាលខេត្ត បានលើកទឹកចិត្ត ដល់ការចូលរួមសកម្មភាព សង្គមសម្រាប់ជនពិការដូចជាសកម្មភាព វប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលម្លៃ និងសកម្មភាព ផ្សេងៗទៀត។

ក្នុងនោះផងដែរ លោក សោម ពិសិដ្ឋ ក៏បានសំណូមពរឱ្យក្រសួងសង្គមកិច្ច ជួយផ្តល់នូវបច្ចេកទេសថ្មីៗ ដែលទាក់ទងនិងការអភិវឌ្ឍវិស័យពិការភាព និងវិស័យសង្គមកិច្ច ដល់មន្រ្តីសង្គមកិច្ចខេត្ត ដើម្បីអនុវត្តការងារនេះឱ្យកាន់តែមានប្រសិទ្ធិភាពទ្វេដងថែមទៀត។

លោកមានជំនឿយ៉ាងមុតមាំថា តាមរយៈការផ្តល់របបគោលនយោបាយដល់ជនពិការក្រីក្រក្នុងសហគមន៏ គឺជាការលើកកំពស់ជីវភាពដល់ជនមានពិការភាពក្នុងខេត្តកែប អោយមានជីវភាពកាន់តែប្រសើរឡើងមួយកំរិត និងយោងតាម ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពី សិទ្ធិជនពិការ និងទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកយុទ្ធសាស្រ្តអ៊ុនឈាន់ធ្វើឲ្យសិទ្ធិក្លាយជាការពិតឲ្យទទួលបានជោគជ័យ។

បន្ទាប់ពីការបើកសិក្ខាសាលារួចមក លោក ញ៉ឹក វណ្ណារ៉ា និងសហការី ក៏បានបន្តដំនើរទៅភូមិដំណាក់ចំបក់ សង្កាត់អូក្រសារ ក្រុងកែប ដើម្បីសាកសួសុខទុក្ខបងប្អូនជនពិការ និងគ្រួសារក្រីក្រចំនួនប្រាំពីរគ្រួសារ ដោយមានអំណោសួរសុខទទុក្ខជាអង្ករ មី ត្រីខ មុង ភួយ និងគ្រឿងទេសជាច្រើនមុខទៀត សម្រាប់គ្រួសារទាំងប្រាំពីរនោះ ហើយលោកក៏បានក្រើនរំឮដលប្រជាពលរដ្ឋ នៅទីនោះឱ្យរក្សាឱ្យ បាននូវអនាម័យផ្ទាល់ខ្លួន ដើម្បីជៀសឱ្យផុតពីជំងឺកូវិត១៩ និងជំងឺផ្សេងៗទៀត៕