(ត្បូងឃ្មុំ)៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបែនដឹកខ្សាច់ បុកពេញទំហឹង ក្នុងទិសដៅបញ្ច្រាស់គ្នា ជាមួយម៉ូតូ១គ្រឿង បណ្តាលឲ្យស្លាប់៣នាក់ភ្លាមៗ នៅកន្លែងកើតហេតុ។ ហេតុការណ៍ដ៍រន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង០៨៖៥៥នាទី ព្រឹកថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ាក C 125 ពណ៌ខ្មៅ រួមដំណើរគ្នា៣នាក់ ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ម៉ូតូបើកបរមកពីត្បូងទៅជើង បានជែងរថយន្តធុនតូច ជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពណ៌ស ពាក់ស្លាកលេខរតនគីរី 3A-0077 បណ្ដាលឲ្យស្លាប់ទាំង៣នាក់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តបែនដឹកខ្សាច់ បានចតរថយន្តចោលកណ្ដាលផ្លូវ រត់គេចខ្លួនបាត់។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-5029 បើកបរដោយឈ្មោះ អោក សៅ ហៅ(ម៉ាប់) ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិខ្នប់ដំរីត្បូង ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) បានឌុបមនុស្សស្រី២នាក់៖ ១៖ ប្រពន្ធឈ្មោះ សន សុខខឿន អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ), ២៖ ឈ្មោះ ស៊ិន សុខខេន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ)។

ក្រោយកើតហេតុនគរបាលចរាចរណ៍អធិការស្រុកត្បូងឃ្មុំ បានធ្វើការវាស់វែង រឹបអូសរថយន្ត និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់ ចំណែកសាកសពជនរងគ្រោះទាំង៣នាក់ ប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕