(ស្វាយរៀង)៖ ក្រោយពីមានការជូនដំណឹង ក៏ដូចជាអំពាវនាវដល់អាជីវករលក់ដូរ នៅផ្សាវាលយន្ត ក្រុងស្វាយរៀង ឲ្យចូលរួមអនុវត្តតាមសេចក្ដីណែនាំ របស់រដ្ឋបាលសាលាក្រុង ដើម្បីឲ្យមានរបៀបរៀបរយ និងសោភ័ណ្ឌភាពផ្សារ និងក្រុងស្វាយរៀងទាំងអស់គ្នានោះ។

នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានដឹកនាំក្រុមការងារ និងកងកម្លាំងអធិការនគរបាលក្រុង និងអាវុធហត្ថក្រុង ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ចុះរៀបចំសណ្ដាប់ធ្នាប់ ការតាំងទំនិញលក់នៅជុំវិញចំណតរថយន្ត និងជុំវិញផ្សារវាលយន្ត ដើម្បីថែរក្សាចំណីផ្លូវ បញ្ជៀសការកកស្ទះចរាចរណ៍តាមដងផ្លូវ ជាពិសេសលើកកម្ពស់សោភ័ណភាព ក្នុងក្រុងស្វាយរៀង ។

លោក សរ សុដានី បានឲ្យដឹងថា ដើម្បីសោភណ័ភាពក្រុងស្វាយរៀង ឲ្យមានរបៀបរៀបរយល្អនោះ អាជ្ញាធរក្រុង តែងតែចុះរៀបចំសណ្តាប់ធ្នាប់ជាញឹកញាប់ ជាពិសេសផ្លូវជុំវិញផ្សារវាលយន្ត ដែលអាជីវករមួយចំនួន បានរំលោភយកចិញ្ចើមផ្លូវ ធ្វើជាកន្លែងលក់ដែលបង្កឲ្យកកស្ទះចរាចរណ៍។

លោកបានបន្ថែមថា ថ្ងៃនេះលោកដឹកនាំផ្ទាល់ ក្នុងអនុវត្តច្បាប់ ដោយតម្រូវឲ្យអាជីវករ ដែលសង់សំយាបលយចូលចំណីផ្លូវ គឺក្រុមការងារបានកាត់ចេញ និងប្រាប់លែងឲ្យសង់រំលោភយកផ្លូវតទៅទៀត ចំណែកអាជីវករលក់លើចិញ្ចើមផ្លូវ គឺបានឲ្យពួកគាត់បង្ខិត ឲ្យផុតពីផ្លូវ ពោលលក់ចូលក្នុងផ្សារវិញ មិនឲ្យមានការលក់លើចិញ្ចើមផ្លូវទៀតទេ។

លោកបានបញ្ជាក់ថា អាជ្ញាធរខំប្រឹងរៀបចំសណ្តាប់ធ្នាប់នេះ គឺដើម្បីប្រជាពលរដ្ឋទូទៅ មិនមែនដើម្បីបុគ្គលណាម្នាក់ទេ ដើម្បីសោភណ្ឌភាព ដើម្បីភាពងាយស្រួល ពលរដ្ឋទូទៅធ្វើដំណើរ ងាយស្រួលទិញទំនិញដែលតាំងលក់នៅក្នុងផ្សារ ចុះហេតុអីប៉ុណ្ណឹងអាជីវកតធ្វើមិនបាន? ក្នុងនាមរដ្ឋបាលក្រុង គឺចង់ឃើញបងប្អូនភ្ញាក់រលឹក ដោយខ្លួនឯង ធ្វើដោយសុចចិត្ត ទើបជាគំរូល្អបំផុត។

លោក សរ សុដានី បានថ្លែងឲ្យដឹងថា ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ និងអាជីវកមិនចូលរួមអនុវត្តវិធានការរបស់រដ្ឋបាលក្រុងទេ សមត្ថកិច្ចព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តចុះរុះរើ យកសម្ភារ និងទំនិញផ្សេងៗចេញពីទីតាំងដែលបានកំណត់ និងមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់អ្វីឡើយ ព្រមទាំងចាត់វិធាន តាមផ្លូវច្បាប់ចំពោះអាជីវករណា នៅតែសង់រំលោភយកផ្លូវ ធ្វើជាកន្លែងលក់ដូរដែលនាំឲ្យបាត់បង់សោភណ័ភាពទីក្រុង៕