(ព្រៃវែង)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញពិនិត្យសកម្មភាពសាងសង់ផ្លូវក្នុងក្របខណ្ឌ គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និង ការគាំទ្រកសិករ ជំហានទី២ ឆ្នាំ២០២០-២០២២ ចំនួន៦ ខ្សែ ប្រវែងសរុប ៦,៧០៤ ម៉ែត្រ ស្ថិតនៅក្នុងស្ថិតនៅភូមិព្រៃពោន១ ព្រៃពោន២ ជីអក ជាងដែក តាមាស ក្នុងឃុំ ព្រៃពោន និងឃុំជាងដែក
ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សកម្មភាពសាងសង់ផ្លូវនេះមានប្រជាពលរដ្ឋចូលរួមប្រមាណ៣០០ គ្រួសារ ស្មើនឹង ៦០០ នាក់។

លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានបញ្ជាក់ថា នៅទូទាំងខេត្តព្រៃវែង គម្រោងសាច់ប្រាក់ពលកម្មទទួលបានការអនុម័ត ចំនួន ១៤១ អនុគម្រោង ប្រវែងសរុប ១៤៤ ២៤៦ ម៉ែត្រ។ បច្ចុប្បន្នការងារលើកផ្លូវដីស បានបញ្ចប់ចំនួន៨អនុគម្រោង ប្រវែង ៨ ៧៥៧ ម៉ែត្រ។

មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យសកម្មភាពសាងសង់ផ្លូវនេះ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ការស្តារ និងកែលម្អផ្លូវលំក្នុងភូមិ ឃុំ នឹងរួមចំណែកដល់ការតភ្ជាប់គ្នារវាងភូមិ-ឃុំ ការតភ្ជាប់ទៅកាន់ទីផ្សារកសិផល និងការតភ្ជាប់ប្រជាជនជនបទទៅរកសាធារណៈនានា ជាពិសេសសេវាសុខាភិបាលសេវាអប់រំ និងសេវារដ្ឋបាលសាធារណៈជាដើម ដែលជាសេវាតម្រូវការមូលដ្ឋាន។ ការតភ្ជាប់នេះនឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់នៅតាមទីជនបទ៕