(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានចុះបង្ក្រាបករណីការជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយបានឃាត់ខ្លួនមនុស្សបានចំនួន៨នាក់ ត្រង់ចំណុចក្រុម៤ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

របាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងយុទ្ធនាការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀននោះ ដឹកនាំពីលោកវរសេនីយ៍ត្រី ឡុង គឹមហួរ ប្រធាន ការិយាល័យបទល្មើសគ្រឿងញៀន ខេត្តព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថទំបន់រលកក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត។

របាយការណ៍បានឲ្យដឹងទៀតថា មនុស្សដែលឃាត់ខ្លួនបានចំនួន៨នាក់ ហើយធ្វើពិនិត្យតេស្តរកសារធាតុញៀនរកឃើញមានចំនួន៥នាក់ ដែលប្រើប្រាស់សារធាតុញៀន ហើយក្នុងចំណោម ០៥នាក់នោះធ្លាប់ចេញពីគុកចំនួន២នាក់ទៀតផង។

ជនសង្ស័យទាំង៨នាក់រួមមាន៖

*ទី១៖ ឈ្មោះ សាន្ត ប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់៤ ក្រុងព្រះសីហនុ។ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ទើបតែចេញបាន២ខែ។
*ទី២៖ ឈ្មោះ ថោង សារ៉ាត់ អាយុ៣២ឆ្នាំ មុខរបរលក់ធ្យូង ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។ ធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ ទើបចេញបានមួយឆ្នាំ។
*ទី៣៖ ឈ្មោះ ថោង ថាន់ណាក់ អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។
*ទី៤៖ ឈ្មោះ ឯក វិច្ឆិកា អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្រុម៤ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។
*ទី៥៖ ឈ្មោះ ឯក សុផាន់ណា អាយុ២០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្រុម៤ ភូមិ៣ សង្កាត់១ ខេត្តព្រះសីហនុ។
*ទី៦៖ ឈ្មោះ សរ សៀវលាង អាយុ២០ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
*ទី៧៖ ឈ្មោះ ចិន ធី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។
*ទី៨៖ ឈ្មោះ ថោង ចាន់ណាវី អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។

ករណីចុះបង្ក្រាបនោះ សមត្ថកិច្ច បានដកហូតចាប់យកវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន៤កញ្ចប់, ទូរស័ព្ទ ចំនួន៤គ្រឿង និងម៉ូតូចំនួន១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធីនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕