(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការកកស្ទះប្រព័ន្ធលូ ដោយសារជំនន់ទឹកភ្លៀងបណ្ដាលឲ្យលិចទាំងផ្លូវ គឺក្នុងនាមអាជ្ញាធរ ត្រូវតែរកមធ្យោបាយដើម្បីដោះស្រាយទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះជាសេវាតម្រូវការជាក់ស្ដែង ទោះបីជាមិនទាន់ទទួលបានសំណូមពរពីប្រជាពលរដ្ឋក៏ដោយ។

ការគូសបញ្ជាក់របស់អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងនៅក្នុងពេលលោកដឹកនាំការិយាល័យសាធារណការខណ្ឌ, សណ្ដាប់ធ្នាប់ខណ្ឌ-សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ដើម្បីនាំយកគ្រឿងចក្រទៅកាយដីចេញពីប្រឡាយដែលកកស្ទះ ក្នុងការរំដោះទឹកភ្លៀងជន់លិចលើកំណាត់ផ្លូវជាតិលេខ៥ (ផ្លូវភ្លោះសង្កាត់គីឡូម៉ែត្រលេខ៦) ខណ្ឌឫស្សីកែវ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

លោក ជា ពិសី បញ្ជាក់ថា ចំពោះស្ថានភាពផ្លូវទាំងឡាយ ដែលរងការខូចខាតនូវមួយអន្លើ ដោយសារជុំនន់ទឹកភ្លៀងនារដូវវស្សា កើតមានជាជង្ហុគតូចធំ «សំបុកមាន់» នូវទូទាំងភូមិសាស្ត្រខណ្ឌឫស្សីកែវ គឺត្រូវបានធ្វើការជួសជុលសម្រេចជោគជ័យជាបន្តបន្ទាប់ ដោយមិនឲ្យមានរងការខូចខាតធ្ងន់ធ្ងរនោះទេ គឺសំដៅឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលធ្វើដំណើរ ក៏ដូចជាការចូលរួមកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរ ដែលអាចកើតមានឡើងជាយថាហេតុ និងជាពិសេសគឺការជួយដល់ការកាត់បន្ថយការប្រើប្រាស់ថវិកាជាតិ។

លោក ជា ពិសី បានគូសបញ្ជាក់ថា ក្នុងសកម្មភាពយកគ្រឿងចក្រទៅកាយដីនិងកាកសំណល់ចេញពីប្រឡាយលូដែលកកស្ទះ ក្នុងការរំដោះទឹកភ្លៀងជន់លិចលើកំណាត់ផ្លូវជាតិលេខ៥ (ផ្លូវភ្លោះសង្កាត់គីឡូម៉ែត្រលេខ៦) គឺបានឡើងភ្លាមៗ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះជាសេវាតម្រូវការចាំបាច់មួយ បើទោះបីជាមិនទាន់ទទួលបានសំណូមពរពីប្រជាពលរដ្ឋក៏ដោយ សំខាន់ «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព» ដើម្បីឲ្យស្របទៅតាមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕