(កណ្ដាល)៖ ពលរដ្ឋមួយក្រុមសុទ្ធតែសាច់ញាតិគ្នា បានទន្ទ្រាន់កានកាប់ដីប្រឡាយទឹកសាធារណៈរបស់រដ្ឋ ស្ថិតនៅដីទំនប់៩២ ភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ហើយលើកគ្នាទៅតវ៉ាទាមទារឲ្យអាជ្ញាធរស្រុកចេញប័ណ្ណកម្មសិទ្ធិ ប៉ុន្ដែលោក អ៊ួច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹង ប្រាប់ទៅពលរដ្ឋបញ្ឈប់ការមានបំណងចង់កាន់កាប់ដីរដ្ឋបន្តទៀត ព្រោះអាជ្ញាធរមិនចេញប័ណ្ណកម្មសិទ្ធិឲ្យឡើយ។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ លោក អ៊ួច សាវឿន បានបញ្ជាក់ថា ចំណុចនេះជាដីរបស់រដ្ឋ ខណៈពលរដ្ឋចំនួន៨២គ្រួសារ បានមកស្នើរសុំប័ណ្ណកម្មសិទ្ធិ ប៉ុន្តែអាជ្ញាធរបានពន្យល់ពីតំបន់ភូមិសាស្ត្រ នៃទីតាំងដីនេះ ហើយមួយចំនួនធំបានដកថយអស់ ប៉ុន្តែនៅសល់ពលរដ្ឋចំនួន៩នាក់ប៉ុណ្ណោះ ដែលរឹងទទឹងមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរស្រុកសោះឡើយ។

បើតាមសេចក្ដីរាយការណ៍ ពលរដ្ឋដែលនៅរឹងទទឹងនោះ មិនត្រឹមតែរំលោភយកដីប្រឡាយទឹករបស់រដ្ឋនោះទេ ថែមទាំងរំលោភចូលក្បាលដីរបស់គេ ដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវអស់ ជាង២,០០០ម៉ែត្រការ៉េ ថែមទៀតផង ដែលនាំឲ្យកើតរឿងរ៉ាវប្ដឹងប្ដល់ដល់តុលាការខេត្តកណ្ដាលផងដែរ។

គួរជម្រាបជូនថា កន្លងទៅមានបុគ្គលខិលខូចមួយចំនួន បានបង្កើតក្រុមបង្កព្យុះភ្លៀងដើម្បីទន្ទ្រានយកដីរបស់រដ្ឋនៅក្នុងខេត្តកណ្ដាល ហើយខ្លះបានរំលោភយកដី កម្មសិទ្ធិរបស់គេថែមទៀតផង ដោយសំអាងថាខ្លួនជាជនក្រីក្រ គ្មានផ្ទះសំបែងស្នាក់នៅ និងបានដាក់ពាក្យស្នើសុំមកកាន់អាជ្ញាធរស្រុក ដើម្បីឲ្យចេញប័ណ្ណកម្មសិទ្ធិ ដែលពួកគេធ្វើឡើងក្នុងរូបភាព «ឈ្នះបានដី ចាញ់បានលុយ» ហើយសំអាងលើការតវ៉ា ដើម្បីដាក់សម្ពាធទៅកាន់អាជ្ញាធរថា មិនស្រលាញ់ប្រជាពលរដ្ឋ ធ្វើបាបប្រជាពលរដ្ឋជាដើម៕