(កំពង់ស្ពឺ)៖ ករណីឃាតកម្មសម្លាប់នារីម្នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយយកសពទៅចង់កដើម្បីបង្វែរដាននោះ នៅពេលនេះជនដៃដល់ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានហើយ ដែលពួកគេទាំងពីរនាក់ជាមនុស្សស្គាល់ ខណៈមូលហេតុ ជនដៃដល់ចង់ស៉ីដាច់លុយជាង១ម៉ឺនដុល្លារ ដែលខ្ចីពីជនរងគ្រោះ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោយទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ហើយដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន។

មន្ដ្រីនគរបាលបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះថា ករណីឃាតកម្មនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅលើខ្នងភ្នំទទឹង ភូមិអន្លង់ស្នោរ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយជនដៃដល់ត្រូវសមត្ថកិច្ចបង្ក្រាបបាន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្រោយស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ជនដៃដល់ឈ្មោះ ង៉ូវ លីហាក់ អាយុ២៨ឆ្នាំ នៅភូមិទួកគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន មុខរបរជាងផ្សារដែក បានសារភាពថា បានប្រព្រឹត្តវាយទៅលើជនរងគ្រោះឈ្មោះ ជុំ ចន្ធូរ អាយុ២៤ឆ្នាំ ពិតប្រាកដមែន ដើម្បីប្លន់យកទ្រព្យសម្បត្តិ។ ក្នុងនោះ សមត្ថកិច្ចដកហូតបាន គ្រឿងអលង្ការមួយចំនួនរបស់ជនរងគ្រោះមកវិញផងដែរ។

បើតាមសមត្ថកិច្ចកាលពីខែឧសភា ឆ្នាំ២០២០កន្លងទៅ ជនរងគ្រោះឈ្មោះ ជុំ ចន្ធូ ក្រោយពេលប្តីស្លាប់ បានពឹងពាក់ជនសង្ស័យឲ្យជួយលក់រថយន្តបែនបាន ក្នុងតម្លៃ១៩,០០០ដុល្លារ ហើយជនសង្ស័យបានខ្ចីលុយ ១,២០០០ដុល្លារ និងម៉ូតូ១គ្រឿង៕