Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកសិកម្មអំពាវនាវដល់កសិករចិញ្ចឹមសត្វ ត្រៀមលក្ខណៈសង្គ្រោះ និងចាត់វិធានការទប់ស្កាត់ការឆ្លងរាលជំងឺសត្វ នារដូវវស្សាដែលអាចកើតមានទឹកជំនន់

29-07-2020 11:03

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអំពាវនាវកសិករចិញ្ចឹមសត្វ ត្រូវត្រៀមលក្ខណៈសង្គ្រោះ និងចាត់វិធានការទប់ស្កាត់ការឆ្លងរាលជំងឺសត្វ នារដូវវស្សា ដែលអាចកើតមានទឹកជំនន់។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបញ្ជាក់ថា «រដូវវស្សាចូលមកដល់ ទឹកជំនន់អាចកើតមានជាយថាហេតុ នៅតំបន់មួយចំនួន ជាពិសេសតំបន់ជាប់ ទន្លេ បឹង ស្ទឹង ព្រែកជាដើម និងតាមការសង្កេតឃើញថា ជំងឺឆ្លងសត្វក៏អាចផ្ទុះឡើងផងដែរ។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សូមប្រកាសជូនដំណឹងដល់កសិករចិញ្ចឹមសត្វក្នុង ការត្រៀមលក្ខណៈសង្គ្រោះសត្វ និងចាត់វិធានការទប់ស្កាត់ការឆ្លងរាលជំងឺសត្វផ្សេងៗ ដូចជាទីទួលសុវត្ថិភាព មិនលិចទឹកដែលនៅជិតបំផុត ត្រៀមចំណី-ទឹកឱ្យបានគ្រប់គ្រាន់ និងមានអនាម័យល្អ ត្រៀមធ្វើសម្រាប់ដាក់សត្វ និងមធ្យោបាយសម្រាប់សង្គ្រោះសត្វ ចេះតាមដានសុខភាពសត្វ និងក្នុងករណីមានសត្វឈឺត្រូវបំបែក ចេញពីសត្វជា និងរាយការណ៍មកមន្ត្រីបសុពេទ្យ ភ្នាក់ងារសុខភាពសត្វភូមិ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិត បំផុត ដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា»

ក្នុងករណីមានជំងឺឆ្លងរាលដាលសត្វ សូមទំនាក់ទំនងមក អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សត្វតាមរយៈទូរសព្ទលេខ ០១២ ៤៨៣ ៥៧៨ និងលេខ ០១២ ៩៥២ ៥១៨ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត៕