(ភ្នំពេញ)៖ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ដែលជាចៅស្រីសំណព្វចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបទទួលបានវិញ្ញាបនបត្រមាសថ្មីមួយទៀត ពីកម្មវិធីប្រឡងគណិតវិទ្យាលំដាប់ពិភពលោក ដែលមានឈ្មោះថា «Mathletics»។

ការទទួលបានវិញ្ញាបនបត្រមាសពីកម្មវិធីប្រឡងគណិតវិទ្យាលំដាប់ពិភពលោកនេះ មិនមែនជារឿងថ្មីឡើយសម្រាប់កុមារី ហ៊ុន ពេជ្រមុន្នីលីណា។ កុមារីហ៊ុន ពេជ្រមុន្នីលីណា ជាកូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានទទួលវិញ្ញាបនបត្រមាសថ្នាក់ពិភពលោកនេះ ជាច្រើនលើកមកហើយ។

ការផ្តល់នូវវិញ្ញាបនបត្រមាសថ្នាក់ពិភពលោកនេះ បានបង្ហាញការខិតខំ និងភាពឆ្លាតវៃរបស់ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ដែលតែងតែប្រឹងប្រែងធ្វើលំហាត់ និងដណ្តើមតំណែងកំពូលលើតារាងកម្មវិធីប្រកួតគណិតវិទ្យា «Mathletics» ទូទាំងពិភពលោក។

សូមជម្រាបថា «Mathletics» គឺជាគេហទំព័រអប់រំ តាមអ៊ីនធឺណិតមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ នៅប្រទេសអូស្ត្រាលី។ ជាបន្តបន្ទាប់កម្មវិធីនេះ ត្រូវបានពង្រីកផ្សព្វផ្សាយទូទាំងពិភពលោក។

មកដល់ពេលបច្ចុប្បន្ន «Mathletics» ទាក់ទាញអ្នកចូលរួមបានសិស្សចំនួន ៤.១លាននាក់ នៅទូទាំងពិភពលោក និងសាលារៀនចំនួន១៧,០០០ឲ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ។

កម្មវិធីនេះប្រឡងរៀងរាល់ថ្ងៃ អ្នកប្រឡងបានពិន្ទុលើសពី ១,០០០ នឹងបានទទួលវិញ្ញាបនបត្រសំរឹទ្ធ (Bronze certificate) មួយ ។ ក្នុងមួយសប្តាហ៍ទើបកម្មវិធីនេះសរុបពិន្ទុម្ដង ហើយគេប្រកាសលទ្ធផលតែអ្នកដែលបានពិន្ទុកំពូល១០០នាក់តែប៉ុណ្ណោះ ។

កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីសម្តេចតេជោ ហ៊ុន សែន តែងតែទទួលបានពិន្ទុលេខ១ក្នុងចំណោមអ្នកកំពូល ១០០នាក់នោះ។ អ្នកទទួលបានវិញ្ញាបនបត្រសំរឹទ្ធ៥ នឹងទទួលបានវិញ្ញាបនបត្រប្រាក់ (Silver certificate) មួយ ហើយអ្នកទទួលបានវិញ្ញាបនបត្រប្រាក់៤ និងទទួលបានវិញ្ញាបនបត្រមាស (Gold certificate) មួយ។ វិញ្ញាបនបត្រទាំងនេះ គឺជាវិញ្ញាបនបត្រថ្នាក់ពិភពលោក៕