(ត្បូងឃ្មុំ)៖ ដើម្បីសម្រាលការលំបាករបស់ពលរដ្ឋងាយរងគ្រោះបំផុត ក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយប្រធានគណៈកម្មាធិការ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ពលរដ្ឋចំនួន៤៣៤គ្រួសារ (ជនជាតិខ្មែរ-ឥស្លាម ចំនួន៦៨គ្រួសារ) រស់នៅភូមិចំនួន៧នៃឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ពិធីសំណេះសំណាល និងចែកអំណោយនេះ បានប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅទីតាំង២កន្លែងគឺទីតាំងទី១ ស្ថិតក្នុងបរិវេណវត្តហ្លួងរការខ្នុរ (ហៅវត្តកណ្តាល) សម្រាប់ពលរដ្ឋ២៨២គ្រួសារ និងទីតាំងទី២ ស្ថិតក្នុងបរិវេណវត្តនាគវន្ត (ហៅវត្តក្រោម) សម្រាប់ពលរដ្ឋ១៥២គ្រួសារ។

ក្នុងឱកាសជួបសំណេះសំណាលនេះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បើទោះបីជាសម្តេចមិនបានអញ្ជើញ ដោយផ្ទាល់ក៏សម្តេចតែងតែ មានមនោសញ្ចេតនានឹករលឹកអាណិតស្រឡាញ់ការគិតគូរពីសុខទុក្ខ ជាពិសេសគឺជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ គ្រប់ពេលវេលា។

ទន្ទឹមនឹងនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខចែកអំណោយ និងពាំនាំនូវសារគន្លឹះស្តីពីបញ្ហាសុខភាព ជុំវិញការទប់ស្កាត់ជំងឺកូវីដ-១៩ និងការបង្ការជំងឺឆ្លងនានាដែលអាចកើតមាននៅក្នុងរដូវធ្លាក់ភ្លៀងនេះ ដែលអាចឆ្លងជំងឺផ្សេងៗទៀត។

ជាពិសេស លោកស្រី បានថ្លែងថា «បច្ចុប្បន្ននេះកម្ពុជាយើងកំពុងប្រឹងប្រែងទប់ស្កាត់ឱ្យខានតែបានពីការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដូច្នេះសូមប្រជាពលរដ្ឋ យកចិត្តទុកដាក់ អនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល ត្រូវបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការធ្វើចត្តាឡីស័កចំពោះអ្នកចំណូលស្រុកការរក្សាគំលាតសង្គម ការរក្សាអនាម័យ» ។ល។

ក្រៅពីការទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ សូមប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈីក ដែលបានផ្ទុះឡើងជាថ្មីឡើងវិញ ដែលខាំចម្លងដោយមូសខ្លាញីពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។

ជាមួយគ្នានេះ សូមស្ត្រីមានផ្ទៃពោះអញ្ជើញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ទៅតាមកាលកំណត់របស់គ្រូពេទ្យ និងទៅសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីសុវត្ថិភាពទាំងម្តាយនិងកូន។ ចំពោះអ្នកមានកូនតូច សូមផ្តល់អាហារូបត្ថម្ភដល់កុមារឱ្យបានគ្រប់គ្រាន់។

បន្ថែមពីនេះ សូមប្រជាពលរដ្ឋចូលរួមអនុវត្តច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ហើយបន្តខិតខំប្រឹងប្រែងប្រកបរបរបង្កបង្កើនផល ដើម្បីជីវភាពគ្រួសារ និងរស់នៅជាមួយគ្នាដោយភាពសុខដុមរមណីកម្មសាសនា ជាតិសាសន៍ ក្រោមម្លប់នៃសន្តិភាព។

លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរស និងស្មារតីចែករំលែក បន្តចូលរួមឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា ទោះបីជាកាកបាទក្រហមកម្ពុជា បានផ្អាកការប្រារព្ធទិវា ៨ ឧសភា ឆ្នាំ២០២០ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ក៏ដោយ។

ការបរិច្ចាកធនធានពីសប្បុរសជនទាំងអស់ បានផ្តល់លទ្ធភាពដល់កាកបាទក្រហមកម្ពុជា ក្នុងការចុះជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេស ជាពិសេសក្នុងកំឡុងពេលកូវីដ-១៩នេះ។

សូមបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលនេះគ្រួសារនីមួយៗទទួលបាន ៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងសាប៊ូដុំ ២ដុំ។

ដោយឡែកទេយ្យវត្ថុដែលប្រគេនវត្តទាំង២ខាងលើក្នុងវត្តនីមួយៗប្រគេន៖ ទៀនព្រះវស្សា១គូ អង្ករ ១២០គីឡូក្រាម មី៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស និងបច្ច័យ២លានរៀល។ ប្រគេនព្រះគ្រូចៅអធិការ បច្ច័យ១លានរៀល, ប្រគេនព្រះសង្ឃក្នុង១អង្គៗបច្ច័យ១០ម៉ឺនរៀល និងជូនតាជីយាយជី ម្នាក់ៗថវិកា៥ម៉ឺនរៀល៕