(កំពង់ឆ្នាំង)៖ អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងលោក ហឹង ចូច បានជុំរុញ និង លើកទឹកចិត្ត ឲ្យមន្រ្តីជំនាញរបស់មន្ទីរ បង្កើនប្រសិទ្ធភាពការងារជំនាញរបស់ខ្លួនលើវិស័យព័ត៌មាន ឲ្យបានកាន់តែប្រសើរជាងមុនបន្ថែមទៀត ពិសេសត្រូវសហការ និងទំនាក់ ទំនងគ្នាឲ្យបានល្អក្នុងការផលិតព័ត៌មានឲ្យច្រើនប្រភេទ ពាក់ព័ន្ធ និងសមិទ្ធផល និង សក្តានុពលនានា របស់ខេត្ត ព្រមទាំងព័ត៌មានថ្មីៗទូទាំងប្រទេសដើម្បីធ្វើការផ្សព្វ ផ្សាយឲ្យបានទូលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ។

ការលើកឡើងរបស់លោកអនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបែបនេះ ធ្វើឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំជាមួយមន្ត្រីថ្នាក់ដឹកនាំការិយាល័យចំនួន ៤ចំណុះមន្ទីរព័តមាន ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២០ ។

លោកអនុប្រធានមន្ទីរបានលើកឡើងទៀតថា នៅក្នុងស្ថានភាពនាពេលនេះ មន្រ្តីជំនាញ ទាំងអស់ត្រូវតាមដានឲ្យបានជាប់ជាប្រចាំនូវស្ថានភាពបច្ចុប្បន្នភាព និង សក្តានុពល នៃការអភិវឌ្ឍន៍របស់ខេត្តលើគ្រប់វិស័យ ពិសេស គឺវិស័យកសិកម្ម ដែលទាមទារមន្រ្តីជំនាញផលិតព័ត៌មានគ្រប់ជ្រុងជ្រោយ និង បទយកការណ៍សម្រាប់ធ្វើការផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ មាន វិទ្យុ ទូរទស្សន៍ គេហទំព័រ ផេកផ្លូវការរបស់មន្ទីរ និងរួមគ្នាផ្សាយនូវគ្រប់រូបភាព ដើម្បីផ្តល់ព័ត៌មានពិតជូនពលរដ្ឋ ឲ្យបានយល់ច្បាស់ពីវិធីសាស្រ្តនៃការថែទាំសុខភាព និង វិធីការពារជំងឺកូវីដ-១៩។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកអនុប្រធានមន្ទីរ និង ថ្នាក់ដឹកនាំការិយាល័យបានធ្វើការពិភាក្សាគ្នា ដើម្បីដាក់ចេញនូវផែនការសកម្ម ភាពការងារមួយចំនួន ដែលត្រូវអនុវត្ត ដើម្បីធ្វើយ៉ាងណា ឲ្យមានប្រសិទ្ធភាព លើការងារព័ត៌មាននេះ។ ចំពោះការិយាល័យចំណុះរបស់មន្ទីរត្រូវសហការគ្នាធ្វើព័ត៌មាន ទាក់ទាញការទស្សនា ស្តាប់ពីប្រជាពលរដ្ឋឲ្យបានច្រើនបំផុត។

ចំពោះការិយាល័យ វិទ្យុ ការិយាល័យ ទូរទស្សន៍ និង ការិយាល័យទីភ្នាក់ងារសារព័ត៌ មានកម្ពុជា (AKP) ត្រូវបង្កើនការផ្សាយឲ្យបានច្រើនអំពីសមិទ្ធិផលនានារបស់ខេត្ត ព្រមទាំងបង្កើតកម្មវិធីថ្មីៗ សារអប់រំសំបូរបែប ដល់ប្រជាពលរដ្ឋ ដោយប្រែក្លាយឲ្យអង្គភាពព័ត៌មានរបស់រដ្ឋជាព័ត៌មាន ដែលទទួលបានការជឿទុកចិត្ត ពីមហាជននៅក្នុងខេត្តកំពង់ឆ្នាំង និង ទូទាំងប្រទេស ដោយឈរលើមូលដ្ឋាន ប្លែក លឿន ទុកចិត្តបាន ពេលណាទីណាក៏បាន៕