(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ និងប្រធានក្រុមការងារត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលស្រុកសំឡូត បានដឹកនាំក្រុមការងារប្រមាណ១ពាន់ ក្នុងនោះមានប្រជាពលរដ្ឋ ក្រុមយុវជន អាជ្ញាធរភូមិឃុំស្រុក ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្សប្រជាជនស្រុកសំឡូត បើកយុទ្ធនាការដាំកូនឈើ មានកូនក្ងោក ត្របែកព្រៃ និងកូនលឿងរាជ នៅស្រុកសំឡូត ខេត្តបាត់ដំបង ចាប់ពីស្ពានដងទង់ ដល់ច្រក៤០០ សរុបប្រវែង៤០គីឡូម៉ែត្រ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឱ្យដឹងថា មុននឹងឈានចូលដល់ការដាំកូនឈើនេះ អាជ្ញាធរភូមិឃុំស្រុក រួមទាំងក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្សប្រជាជនស្រុកសំឡូត បានមូលមតិគ្នាធ្វើការកែលម្អសោភ័ណភាពផ្លូវជាតិ នេះឱ្យកាន់តែស្រស់ស្អាតឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរ ទៅកម្សាន្តនៅតំបន់អតីតខ្មែរក្រហមនេះ។

លោកនាយឧត្តមសេនីយ៍ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកសាងផ្លូវកៅស៊ូនេះ បានយ៉ាងល្អ ដើម្បីជួយសម្រួលដល់ជីវភាព និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដូច្នេះដើម្បីជាតបស្នងសងគុណចំពោះរាជរដ្ឋាភិបាល ដែលគិតគូរដល់ជីវិតភាព យើងបានដាំដើមឈើនៃក្តីស្រលាញ់ ដើម្បីផ្សារភ្ជាប់នូវមនោសញ្ចេតនាជាមួយផ្លូវនេះ ជាមួយដើមឈើធម្មជាតិ ដើម្បីអភិវឌ្ឍប្រទេសយើងឱ្យមានការរីកចម្រើន និងទាក់ទាញភ្ញៀវទេសចរ។

លោកបានមានប្រសាសន៍ទៀតថា ដើមក្ងោក ដើមត្របែកព្រៃ និងដើមលឿងរាជ សុទ្ធតែជាដើមឈើខ្មែរ ដែលចាស់ទុំពីដើមបានដាំ ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយភ្ញៀវទេសចរដែលមកកាន់តំបន់នេះ មានអារម្មណ៍ស្រស់ស្រាយជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាត។ នៅថ្ងៃខាងមុខ ដើមឈើទាំងនេះ ក៏នឹងធ្វើឱ្យស្រុកសំឡូត កាន់តែស្រស់ស្រស់បំព្រងថែមទៀត ដោយទាំងទេសចរណ៍ធម្មជាតិ និងទេសចរណ៍កសិកម្ម ហើយភ្ញៀវទេសចរអាចទស្សនានូវផ្កាក្ងោក ផ្កាលឿងរាជ និងផ្កាត្របែកព្រៃ។

ប្រជាពលរដ្ឋស្រុកសំឡូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានគិតគូរកែលម្អតំបន់អតីតខ្មែរក្រហម តំបន់សមាហរណកម្មមកជាតំបន់អភិវឌ្ឍ។ ប្រជាពលរដ្ឋប្តេជ្ញាថែរក្សាផ្លូវដែលរាជរដ្ឋាភិបាលកសាងនេះឱ្យបានល្អ និងដាំឈើ ដើម្បីជាការដឹងគុណ ក៏ដូចជាអភិវឌ្ឍភូមិឃុំរបស់ខ្លួន ឱ្យបានល្អប្រសើរ៕