(ប៉ៃលិន)៖ លើកឡើងក្នុងពិធី ប្រគល់សម្លៀកបំពាក់ដល់ក្រុមសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន និងប្រគល់ពានជ័យលាភីដែលទទួលបាន ជូនដល់រដ្ឋបាលខេត្ត នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្ត បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈ បន្តបង្កើនសមត្ថភាព និងចូលរួមថែរក្សាវប្បធម៌ព្រពៃណី ឲ្យបានគង់វង្ស ដែលដូនតាយើងបាន បន្សល់ទុកតាំងពីបុរាណមក។

លោក ផាន់ ចាន់ធុល បានលើកឡើងថា កន្លងមកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានខិតខំប្រឹងប្រែងថែរក្សាវប្បធម៌ទំនៀមទំលាប់ប្រពៃណីបានយ៉ាងខ្ជាប់ខ្ជួន ទាំងផ្នែករបាំ ល្ខោនយីកេរ និងផ្នែកផ្សេងៗជាច្រើនទៀត ជាពិសេសបានបណ្តុះបណ្តាលចំណេះជំនាញដល់មន្រ្តីដែលជាក្រុមសិល្បៈ នៃមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្ត រួមទាំងបានបណ្តុះបណ្តាលដល់បងប្អូន យុវជននៅតាមសាលា និងសហគមន៍ផងដែរ។

អភិបាលខេត្ត បានបញ្ជាក់ថា ជាក់ស្តែង នៅពេលកន្លងទៅរយៈពេល៥ខែមកនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានដឹកនាំក្រុមសិល្បៈទៅចូលរូមសម្តែងក្នុងកម្មវិធីទិវាវប្បធម៌ជាតិ ០៣មីនា លើកទី២២ ឆ្នាំ២០២០ និងមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ២ ផ្នែកល្ខោនយីកេរទូទាំងប្រទេស ដែលជាមោទនភាពខ្ពស់សម្រាប់មន្ទីរ ក៍ដូចមុខមាត់របស់ខេត្តប៉ៃលិនយើងទាំងមូល ដូច្នេះហើយសូមឲ្យមន្រ្តីដែលជាក្រុមសិល្បៈ នៃមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈបន្តខិតខំបង្កើនសមត្ថភាពចំណេះជំនាញបន្ថែមទៀត ដើម្បីឲ្យវិស័យវប្បធម៌ និងវិចិត្រសិល្បៈក្នុងខេត្ត មានការរីកចម្រើនរុងរឿងទៅថ្ងៃអនាគត់ ជាពិសេសត្រូវចេះរួបរួមសាមគ្គីផ្ទៃក្នុង និងសហការគ្នាជាក្រុមឲ្យបានល្អប្រសើរ ក្នុងនាមយើងជាអ្នកសិល្បៈត្រូវចេះថែរក្សាវប្បធម៌ទំនៀមទំលាប់ប្រពៃណីរបស់ជាតិយើងអោយបានគង់វង្សនិងយូរអង្វែង។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានថ្លែងអំណរអរគុណចំពោះលោកស្រី ស៊ុ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត ដែលបានឧបត្ថម្ភសម្លៀកបំពាក់ដល់ក្រុមសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន ក្នុងន័យជួយលើកស្ទួយវិស័យវប្បធម៌ និងវិចិត្រសិល្បៈក្នុងខេត្តអោយមានការរីកចម្រើន។

បើតាមការបញ្ជាក់របស់ លោក ព្រំ រដ្ឋា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សម្លៀកបំពាក់ដែលប្រគល់ជូនដល់ក្រុមសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមមាន៖ ផ្នែកល្ខោនយីកេទទួលបាន អាវឈុតល្ខោនយីកេ សរុបចំនួន ១៦ឈុត ស្មើនឹង១៦នាក់, ផ្នែករបាំក្ងោកទទួលបានចំនួន ២ឈុត គឺក្ងោកញី ១ឈុត ក្ងោកឈ្មោល ១ឈុត ក្រោមការឧបត្ថម្ភរបស់ លោកស្រី ស៊ុ ហៀង សភាពាណ្ជកម្មខេត្តប៉ៃលិន ក្នុងនោះលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភថវិកាលើកទឹកចិត្ត ដល់ក្រុមសិល្បៈចំនួន ៤០០$ផងដែរ៕