(កំពង់ចាម)៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីប្រកាសតែងតាំង និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, លោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ រួមទាំងចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្ត្រីរាជការមួយចំនួនទៀត។

លោក វង្ស ប៊ុនវិសុទ្ធ អតីតព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ជំនួសលោក ច្រឹង ខ្មៅ ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៦៩ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះលោក អ៊ុន ចាន់ដា ក៏ដូចជាអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលកន្លងមក បានជួយគាំទ្រ និងផ្តល់កិច្ចសហការល្អចំពោះលោក ច្រឹង ខ្មៅ ឲ្យអនុវត្តនូវតួនាទីខ្លួនដោយប្រសិទ្ធភាព។

លោករដ្ឋមន្រ្តី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក វង្ស ប៊ុនវិសុទ្ធ នឹងខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចឱ្យបានម៉ឹងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម ឱ្យរីកចម្រើនថែមមួយកម្រិតទៀត ជាពិសេសពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហប្រតិបតិ្តការជាមួយសាលាដំបូងខេត្តកំពង់ចាម ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ឱ្យបានកាន់តែល្អប្រសើរ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដោយផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួន និង សូមជូនពរលោក វង្ស ប៊ុនវិសុទ្ធ ឱ្យទទួលបានជោគជ័យក្នុងភារកិច្ចនេះ ក្នុងមុខតំណែងជាព្រះរាជអាជ្ញាថ្មីនៅខេត្តកំពង់ចាម ដែលជាខេត្តសក្តានុពលផ្នែកសេដ្ឋកិច្ចមួយនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានណែនាំដល់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាថ្មីនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក៏ដូចជាលោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូងខេត្តកំពង់ចាម ត្រូវចូលរួមលើកកម្ពស់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ក៏ដូចជាលើកកម្ពស់គុណភាព នៃការកាត់ក្តីឱ្យបានត្រឹមត្រូវ និងយុតិ្តធម៌ និងលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ដើម្បីពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យ យុត្តិធម៌នៅកម្ពុជា។

លើសពីនេះ លោករដ្ឋមន្រ្តី បានក្រើនរំលឹកដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដោយអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ឡើងវិញផងដែរពីជំហរដ៏ម៉ឹងម៉ាត់របស់ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងការបន្តពង្រឹងអភិបាលកិច្ចល្អក្នុងវិស័យយុត្តិធម៌ ក៏ដូចជាការពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម ស្របតាមទិសដៅកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌៕