(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គាំទ្រតែក្រុមហ៊ុនណាដែលរកស៊ីស្របច្បាប់មិនក្លែងបន្លំតែប៉ុណ្ណោះ តែបើក្រុមហ៊ុនណារកស៊ីនាំចូលផលិតផលក្លែងក្លាយ មិនស្របច្បាប់ និងចាត់វិធានការតាមច្បាប់ដោយមិនលើកលែងនោះទេ។

លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកតំណាងឱ្យ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាអធិបតីក្នុងពិធីស ម្ពោធសាខាថ្មីរបស់ក្រុមហ៊ុន RF3 Word Cambodia នៅផ្សារទំនើបស្ទឹងមានជ័យថ្មី ជាន់ទី៣។

លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានឱ្យដឹងទៀតថា គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ក៏បានសហការគ្នាជាមួយក្រសួងផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការនាំចូលផលិតផលក្លែងក្លាយ ក៏ដូចជាការវេចខ្ចប់ផលិតក្លែងក្លាយនៅក្នុងស្រុកផងដែរ ដោយមានទិសដៅតែមួយគឺរួមគ្នា ទប់ស្កាត់ឱ្យបានកាន់ តែច្រើន និងព្យាយាមធ្វើយ៉ាងណាឱ្យឈានដល់ការទប់ស្កាត់ឱ្យបាន១០០% ផងដែរ និងធ្វើឱ្យពលរដ្ឋអាចឈានទៅរកភាពសុខដុមរមនា ចៀសផុតពីជំងឺដោយសារ ការប្រើប្រាស់ផលិតផលក្លែងក្លាយនេះ។

លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានបន្ថែមថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សូមគាំទ្រនិងស្វាគមន៍ដល់ក្រុមហ៊ុន RF3 Word Cambodia ដែលបានរកស៊ីដោយស្របច្បាប់ក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកលើវិស័យធុរកិច្ចចំពោះផលិតផលក្នុងការធ្វើឲ្យប្រសើរឡើង នូវសុខភាពបញ្ញាស្មារតី សុខមាលភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនៅកម្ពុជា។

លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ក៏បានសំណូមពរឱ្យបណ្តាក្រុមហ៊ុនទាំងអស់ដែលរកស៊ីនាំចូល ក៏ដូចជាការវេចខ្ចប់នូវផលិតផលផ្សេងៗ ត្រូវគោរពទៅតាម លិខិតបទដ្ឋាន គ្រប់កំរិតទាំងអស់នៃច្បាប់បានកំណត់ និងសូមឱ្យធ្វើការរកស៊ីប្រកួតប្រជែងដោយស្មើភាពដោយមិនបន្លំគ្នា មិនកេងប្រវ័ញគ្នា និងដោយគោរពទៅតាម បទបញ្ញាត្តិទាំងឡាយ ដែលកំពុងតែមានជាធរមាននៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ឌឹម ចាន់ណា ប្រធានសាខាការិយាល័យក្រុមហ៊ុន RF3 Word Cambodia ផ្សារទំនើបស្ទឹងមានជ័យថ្មី បានឱ្យដឹងថា ក្រុមហ៊ុន RF3 Word Cambodia និងបើក ដំណើរការជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការជូនដល់អតិថិជនគ្រប់ស្រទាប់វណ្ណះ នៅក្នុងទិសដៅជួយសម្រួលដល់បញ្ហាសុខភាព សម្រកទំងន់ និងឧត្តមភាពរបស់ ប្រជាពលរដ្ឋទូទៅ ជាមួយនឹងផលិតផលជាច្រើនប្រភេទរបស់ក្រុមហ៊ុន ដែលដំណើរការដោយស្របច្បាប់ និងត្រឹមត្រូវតាមបទដ្ឋានទាំងជាតិ និងអន្តរជាតិមិនប៉ះពាល់ ដល់សុខភាពឡើយ៕