(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានព្រមានខ្លាំងៗ ដោយមិនលើកលែងចំពោះមន្ត្រីនគរបាលណា ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ជាដាច់ខាត ក្រោយមានករណីនគរបាលខេត្តព្រៃវែង យកលុយពីអ្នកប្រើប្រាស់គ្រឿងញៀនជាថ្នូរនឹងការដោះលែង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា «ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់ កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់ទៀតផង»

ករណីជំរិតទារប្រាក់ពីជនសង្ស័យប្រើប្រាស់គ្រឿង ពីសំណាក់នគរបាលខេត្តព្រៃវែង បានធ្វើឡើងចំនួន២លើករួមមាន៖

*លើកទី១ បានកើតឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ចាប់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន៦នាក់ នៅស្រុកពារាំង ខេត្តព្រៃវែង ហើយបន្ទាប់មកក៏ដោះលែងវែង ជាថ្នូរនឹងប្រាក់១៥លានរៀល។

*លើកទី២ បានកើតឡើង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្រោយកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ដោយបានចាប់ជនសង្ស័យឈ្មោះ ថៃ សាមាឌ ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ហឿន រ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ។ ពាក់ព័ន្ធនឹងករណីនេះ ជនសង្ស័យបានអះអាងថា មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង បានដកកាំភ្លើងខ្លីពីចង្កេះ រួចវាយក្បាលពួកគេ និងហៅបក្ខពួកមកព្រួតគ្នាចាប់វ៉ៃក្រៀកយកទៅការិយាល័យ ធ្វើទារុណកម្ម ហើយជម្រិតទារលុយបានសម្រេច ៤,០០០,០០០រៀលទៀតផង ជាថ្នូរនឹងការដោះលែងវិញ។

ករណីទាំងនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចផ្អាកការងារបណ្តោះអាសន្នរបស់ស្នងការរង និងមន្ត្រីនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែងទទួលបន្ទុកការងារគ្រឿងញៀនចំនួន ៧រូប។

មន្ត្រីនគរបាលដែលផ្អាកការងារបណ្តោះអាសន្ននេះរួមមាន៖ លោកឧត្តមសេនីយ៍ត្រី ថោង វណ្ឌី ស្នងការរងទទួលផ្ទុកផែនការងារប្រឆាំងគ្រឿងញៀន, លោកវរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន, អុនសេនីយ៍ឯក ស៊ី បូ នាយផ្នែកនៃការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក ហេង ចាន់រតនា មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក សៀក ចាន់ធឿន មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន និងអនុសេនីយ៍ទោ យុន តារាស័ក្ត មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន។

ក្រោយទទួលព័ត៌មាននេះនៅរសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និងនាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារ ស្ថិតនៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់កង កម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់ទៀតផង៕