(មណ្ឌលគិរី)៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានក្រើនរំឮកដល់អាជ្ញាធរមូលដ្ឋាន ភូមិឃុំស្រុកមួយចំនួនសូមមេត្តាចុះហត្ថលេខា លើឯកសារទិញ-លក់ ដីធ្លីរបស់ប្រជាពលរដ្ឋឱ្យមានភាពត្រឹមត្រូវចៀសវាងបង្កើតជាទំនាស់ដោះស្រាយមិនចេះចប់ មិនចេះហើយ។

ការក្រើនរំឮកបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំ ស្តីពីការអនុវត្តការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី នៅខេត្តមណ្ឌលគិរី ដែលមានកម្លាំងមន្រ្តីជំនាញសរុប៥៥០នាក់ចូលរួមវាស់វែង។

កិច្ចប្រជុំនេះបានប្រព្រឹទ្ធទៅនៅទីធ្លាសាលាខេត្តមញណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី, លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមន្ត្រីរាជការពាក់ព័ន្ធបានចូលរួមយ៉ាងច្រើនកុះ។

ក្នុងឱកាសនោះដែរឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា ចំពោះកងកម្លាំងស្ម័គ្រចិត្តមកពីបណ្តារាជធានី-ខេត្តផ្សេងៗស្តីពី ការចុះវាស់វែងចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ត្រូវបានបែងចែកចំនួន១២ក្រុម ចុះអនុវត្តការងារវាស់វែងកំណត់ព្រំប្រទល់ឱ្យបានជាក់លាក់បំផុតចំពោះទីតាំងដីរបស់រដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីរបស់សហគមន៍ជនជាតិដើមភាគតិច ក៏ដូចជាដោះស្រាយវិវាទដីធ្លីជាដើមប្រកបដោយភាពត្រឹមត្រូវច្បាស់លាស់ គ្រប់ ក្រុង ស្រុកក្នុងមូលដ្ឋានខេត្តមណ្ឌលគិរី សរុបមន្រ្តីស្ម័គ្រចិត្តមានចំនួន៥៥០នាក់។

ឧបនាយករដ្ឋមន្រ្តី សង្ឃឹមថា ក្រោយក្រុមការងារមន្រ្តីស្ម័គ្រចុះវាស់វែងកំណត់ព្រំដីរដ្ឋ ព្រំដីប្រជាពលរដ្ឋ ព្រំដីរបស់សហគមន៍ច្បាស់លាស់ ហើយនោះពិតជាយើងទាំងអស់គ្នាលែងមានការមន្ទិលសៅហ្មងទាំងអស់គ្នា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅក្រសួងក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។

ទន្ទឹមនឹងការបញ្ជាឱ្យរៀបចំកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីលក្ខខណ្ឌត្រូវអនុវតមួយចំនួនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តិជាដាច់ខាត។

សម្តេចបានបន្ថែមថា ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើឱ្យបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។ ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកអុស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានយកដីរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា កន្លងមកសម្តេចបានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចឱ្យ ទៅកាប់រុករានទន្ទ្រានយកដីឱ្យខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្ទ្រានយកដីរដ្ឋក្នុងមួយយប់ធ្វើបានខ្ទមពី ១០ ទៅ២០ ក៏សម្តេចបានដឹង និងកំណត់អត្តសញ្ញាណ និងមុខសញ្ញារួចអស់ហើយដែរ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្រាប់ជនដែលធ្វើសកម្មភាពទាំងនេះ បើរកឃើញថាបានប្រព្រឹត្តិមែននោះ នឹងត្រូវចាប់ខ្លួន៕