(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ការងារអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងជំងឺកូវីដ១៩ ដែលបានមកផ្ទៀងផ្ទាត់ឈ្មោះ នៅតាមសាលាឃុំ សង្កាត់មានចំនួន១០,៨៩៧គ្រួសារ ស្នើនឹងទឹកប្រាក់១,៩២១,៤០៤,០០០រៀល និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ស្រ្តីមានផ្ទៃពោះ ស្រ្តីសម្រាលកូន និងកុមារក្រោមអាយុ២ឆ្នាំមានចំនួន៦,៣៤២នាក់ ដែលមានទឹកប្រាក់៣៦៧,២៨០,០០០រៀល។

ការថ្លែងបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសដែលលោក រួមជាមួយលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ក្នុងជួររដ្ឋបាលខេត្តព្រះវិហារ ទទួលជួបជាមួយប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន ធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយលោកឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងមន្ត្រីអមដំណើរជាច្រើនរូបទៀត។

កិច្ចជំនួបពិភាក្សានាពេលនោះ គឺផ្តោតលើការសិក្សាស្វែងយល់អំពីសមិទ្ធផល ការរីកចម្រើន និងបញ្ហាប្រឈមនានា របស់ខេត្តព្រះវិហារ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ច របស់គណៈកម្មការទី៣ ព្រមទាំងស្វែងយល់ពីស្ថានភាព នៃផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ Covid-19 និងផ្តល់ប័ណ្ណសមធម៌ ជូនប្រជាជន។

ក្រៅពីបានរាយការណ៍ពីសមិទ្ធផល វឌ្ឍនភាពការងារ នៃវិស័យពាក់របស់រដ្ឋបាលខេត្ត ជូនគណៈប្រតិភូ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត បានរំលេចការងារគ្រប់គ្រង និងការត្រៀមបង្កា ការរីករាលដាលជំងឺកូវី១៩ ដែលពិភពលោក ក៏ដូចកម្ពុជាកំពុងប្រឈមយ៉ាងខ្លាំង រដ្ឋបាលខេត្តដែលមន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធ បានសហការយ៉ាងជិតស្និត តាមរយៈការរឹតបន្តឹងការត្រួតពិនិត្យចំណាក ចំណូលស្រុក ជាពិសេសពលករដែលចេញចូលតាមច្រកទ្វារព្រំដែន បានរៀបចំនូវទីតាំង មណ្ឌលចត្តាឡីស័កនៅតាមក្រុងស្រុកទាំង៨ ការដាក់គ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលនីមួយៗជាដើម។

ដោយគិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ខេត្តព្រះវិហារ ទទួលបានពលករដែលចំណាកស្រុក មកពីប្រទេសថៃ និងប្រទេសនានាចំនួន៦៨៣នាក់ ស្រី៣១០នាក់ ក្នុងនោះបានដាក់ចូលមណ្ឌលចត្តាឡីស័ក ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ១៧៦នាក់ និងធ្វើចត្តាឡីស័កដោយខ្លួនឯង ចំនួន៥០៦នាក់។ ចំពោះការងារតេស្ត សំណាកចំនួន២៥២នាក់ ស្រី១៦៦នាក់ ក្នុងនោះលទ្ធផលអវិជ្ជមាន ចំនួន២៤៧នាក់ ស្រី១១៥នាក់ និងលទ្ធផលអវិជ្ជមាន២ករណីជាសះស្បើយ និងបានវិលត្រឡប់ ទៅលំនៅដ្ឋានវិញ។

ចំពោះការងារអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ លោកអភិបាលខេត្ត បានរាយការណ៍ជូន គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ គ្រួសារក្រីក្រ បានមកផ្ទៀងផ្ទាត់ឈ្មោះ នៅតាមសាលាឃុំមានចំនួន១០,៨៩៧ គ្រួសារ ស្នើនឹងទឹកប្រាក់១,៩២១,៤០៤,០០០រៀល និងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ស្រ្តីមានផ្ទៃពោះ ស្រ្តីសម្រាលកូន និងកុមារក្រោមអាយុ២ឆ្នាំមានចំនួន៦,៣៤២នាក់ ដែលមានទឹកប្រាក់៣៦៧,២៨០,០០០រៀល។

ក្នុងឱកាសនោះ លោក ឡូយ សុផាត ក៏បានផ្តល់នូវអនុសាសន៍ និងការណែនាំជាច្រើន លើការងារអនុវត្តរបស់រដ្ឋបាលខេត្ត គឺដើម្បីយកទៅអនុវត្តបន្ត លើវិស័យពាក់ព័ន្ធដែលមាន បន្តខិតខំទាក់ទាញអ្នកវិនិយោគ លើផលិតផលកសិកម្ម ការចិញ្ចឹមសត្វ ការស្វែងរកនូវការសក្តានុពល របស់ដែលមានសម្រាប់ច្នៃ ជាផលិតផលសម្រេចនៅតាមសហគមន៍របស់ខ្លួន ការបន្តខិតខំពង្រឹងប្រព័ន្ធធារាសាស្រ្ត ដែលបម្រើដល់សេចក្តីត្រូវការ របស់ប្រជាពលរដ្ឋលើវិស័យកសិកម្ម ក្នុងមូលដ្ឋានរបស់ខ្លួន៕