(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាបដឹកនាំដោយលោក ទៀ សីហា អភិបាលខេត្ត បានបង្ហាញឲ្យដឹងអំពី គម្រោងរៀបចំព្រឹត្តិការណ៍កំសាន្ត ក្នុងថ្ងៃឈប់សម្រាកសង ដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាសបង្ហើប ឲ្យមានការវិនិយោគរួមគ្នា រវាងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

នៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ខាងមុខ គឺក្នុងអំឡុងនៃថ្ងៃសងឈប់សម្រាកនោះ អាជ្ញាធរ និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប គ្រោងនឹង រៀបចំឲ្យមានព្រឹត្តិការណ៍កំសាន្ត ដើម្បីបង្ហាញ និងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍សុវត្ថិភាព។ ហើយគម្រោងទាំងនោះ គឺជាដំណើរកំសាន្តព្រៃធម្មជាតិ ក្រៅពីប្រាសាទ និងកម្មវិធីកំសាន្តសប្បាយផ្សេងៗច្រើនទៀត រួមទាំងការងារសន្តិសុខ អនាម័យប្រឆាំងកូវីដ១៩ ត្រូវបានលើកយកមកពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំមួយ ដោយមានការចូលរួម ពីស្ថាប័នជំនាញពាក់ព័ន្ធជាច្រើន ក្នុងនោះ ក៏មានវិស័យឯកជន ធុរៈជន និងប្រតិបត្តិករទេសចរណ៍។

លោក ទៀ សីហា បានសង្កត់ធ្ងន់ថា រយៈពេលជាងកន្លះឆ្នាំកន្លងមកនេះ ដែលស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ខេត្តសៀមរាប បានប្រើប្រាស់ អំឡុងពេលនោះ ជាឱកាសនៃ រៀបចំត្រៀម លក្ខណៈសម្បត្តិ ធ្វើឲ្យវិស័យទេសចរណ៍រស់ឡើងវិញ និងប្រសើរជាងមុន ក្រោយពេលដែលវិបត្តិកូវីដ១៩ ស្ងប់ស្ងាត់ទៅវិញ។ យ៉ាងណាក៏ដោយ ក្រោមការអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ការចម្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ ពុំមានកើតឡើងនោះទេ ហើយក៏ពុំមាននរណាម្នាក់ ស្លាប់ដោយសារជំងឺនេះដែរ។

លោកបន្ដថា ដែលមកដល់ពេលនេះ វាគឺជាកាលៈទេសៈដែលត្រូវបានគិតគូរ អំពីការបង្ហើបឲ្យមានដង្ហើមសេដ្ឋកិច្ច ជាបណ្តើរៗឡើងវិញ តាមរយៈនៃវិស័យទេសចរណ៍ តែវាមិនត្រូវបានឃ្លាតឆ្ងាយ អំពីការពង្រឹងវិធានការប្រឆាំងកូវីដ១៩ ដើម្បីសុខភាពប្រជាជន និងដើម្បីសុវត្ថិភាពសហគមន៍នោះឡើយ។

លោកអភិបាល បានបន្ថែមថា គោលបំណងសំខាន់ នៃការរៀបចំព្រឹត្តិការណ៍កំសាន្ត ក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ វាស្មើនឹងការផលិតស្បតផ្សព្វផ្សាយមួយ ជាមួយនឹងការអះអាងថា សៀមរាប-អង្គរ គឺជាគោលដៅទេសចរណ៍សុវត្ថិភាពរបស់កម្ពុជា ហើយក៏ជាការអំពាវនាវជំរុញឲ្យមានដំណើរការ ចរន្តទេសចរណ៍ក្នុងស្រុកផងដែរ និងជាឱកាសបង្ហើបឲ្យមានការវិនិយោគរួមគ្នា រវាងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ។

លោកអភិបាលខេត្ត ក៏មានសង្ឃឹមជឿជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកនេះ នឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប នឹងទទួលបានចំណូលមួយផ្នែក ក្រៅពីអាជីពប្រចាំថ្ងៃ និងធ្វើឲ្យជីវភាពបងប្អូនបានធូរស្រាល ក្នុងពេលដែលនៅលើពិភពលោក កំពុងជួបវិបត្តិជំងឺកូវីដ១៩នេះ៕