(ភ្នំពេញ)៖ លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអះអាងថា គោលនយោបាយរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) មិនមែនទើបសិក្សា និងរៀបចំក្រោយមានការប្រកាសដក EBA របស់សហគមន៍អឺរ៉ុបនោះទេ ពោលកម្ពុជាបានសិក្សារាប់សិបឆ្នាំមកហើយ ជាមួយភាគីចិន ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រទេសទាំងពីរ។

ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ស្ដីពី «លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន» លោក សុខ សុភ័ក្ដ្រ គូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនមែនជំនួសឲ្យ EBA របស់សហគមន៍អឺរ៉ុបឡើយ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំជម្រាបជូនថា មិនមែនធ្វើមួយខែ ពីរខែទេ ផែនការនេះធ្វើរាប់ឆ្នាំមកហើយ បានស្ទៀបស្ទង់គ្នា បានសិក្សាជាមួយគ្នា ហើយនៅដើមឆ្នាំ២០១៩ យើងចាប់ផ្ដើមយកការសិក្សានោះទៅជជែកគ្នា ហើយបានយកលទ្ធផលនោះទៅឲ្យរដ្ឋាភិបាលរៀងខ្លួន (កម្ពុជា-ចិន) ពិនិត្យសម្រេច»។

បើតាមការឲ្យដឹងពី លោក សុខ សុភ័ក្ដ្រ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ចូលជាធរមាននោះ ការនាំទំនិញចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន នឹងកើនឡើងប្រមាណ២៥ភាគរយបន្ថែមទៀត។ ខណៈឆ្នាំ២០១៩កន្លងទៅ កម្ពុជានាំទំនិញទៅប្រទេសចិន បានឡើងរហូតដល់១ពាន់លានដុល្លារ ហើយទំនិញនាំចូលពីប្រទេសចិនមកវិញ ប្រមាណជិត៧ពាន់លានដុល្លារ។

លោក សុខ សុភ័ក្ដ្រ សង្កត់ធ្ងន់ទៀតថា ទំនិញដែលកម្ពុជា នាំចូលពីប្រទេសចិន ភាគច្រើនសុទ្ធតែជាប្រភេទគ្រឿងចក្រ និងទំនិញផ្សេងទៀត ដែលបម្រើឲ្យវិស័យសំណង់ជាដើម។

គួរជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន បានបញ្ចប់ការសិក្សារួចរាល់ហើយ ដែលត្រៀមនឹងចុះហត្ថលេខាជាផ្លូវការ នៅអំឡុងខែសីហា ឆ្នាំ២០២០ខាងមុខនេះ។ យ៉ាងណាក៏ដោយ បន្ទាប់ពីចុះហត្ថលេខា ភាគីទាំងពីរមានគម្រោងដាក់ឲ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០២១តទៅ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅថា FTA គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខា លើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ គឺនឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។

ការធ្វើពាណិជ្ជកម្មសេរីនេះមិនត្រឹមតែការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម៕