(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានផ្ដល់អនុសាសន៍មួយចំនួន ដល់មន្ត្រីក្រោមឱវាទ ដើម្បីយកទៅអនុវត្តក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យទទួលបានលទ្ធផលល្អ។

ការថ្លែងផ្ដល់អនុសាសន៍របស់លោកអភិបាលខេត្ត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុបការងារ ប្រចាំឆមាសទី១ របស់គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

បន្ទាប់ពីមានប្រសាសន៍កោតសរសើរដល់លទ្ធផលការងារក្នុងឆមាសទី១ ដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត សម្រេចបាន លោកអភិបាលខេត្តបានថ្លែងថា ដើម្បីអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យទទួលបានលទ្ធផលល្អនៅពេលខាងមុខនេះ លោកសូមផ្ដល់អនុសាសន៍ ៥ចំណុចដូចខាងក្រោម៖

*ទី១៖ សូមឱ្យលេខាធិការដ្ឋានបន្តការបណ្ដុះបណ្ដាល ផ្ដល់នូវចំណេះដឹង ដើម្បីឲ្យមន្ត្រីនៅមូលដ្ឋានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងាររបស់ខ្លួន។

*ទី២៖ លេខាធិការរដ្ឋាន ត្រូវពិនិត្យនិងអនុវត្តផែនការ សកម្មភាពរបស់ខ្លួនបន្តទៅទៀត ដោយសារយើងកំពុងមានវិបត្តិជំងឺកូវីដ១៩ ដូច្នេះត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

*ទី៣៖ ពាក់ព័ន្ធទៅនិងក្រុមជំនាញទាំង៦ ត្រូវអនុវត្តការងាររបស់ខ្លួនឲ្យបានសកម្ម ទៅតាមភារកិច្ចរបស់ខ្លួន ដូចដែលបានចែងនៅក្នុងសេចក្តីសម្រេចរួម។

*ទី៤៖ សូមថ្នាក់ក្រុង ស្រុក និងឃុំ-សង្កាត់ បន្តសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការផ្សព្វផ្សាយតាមរយៈគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ជៀសផុតពីការចាញ់បោកមេខ្យល់ ដែលអាចឈានដល់ការរងគ្រោះ ដោយអំពើជួញដូរមនុស្ស។

*ទី៥៖ ពាក់ព័ន្ធទៅនឹងបញ្ហាកុមារ សម្រាប់ក្រុងកំពង់ចាម លោក សូមឲ្យក្រុមការងារការពារជនរងគ្រោះ ហើយមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្ត ជាប្រធាន សហការជាមួយអាជ្ញាធរក្រុងកំពង់ចាម ចាត់វិធានការតាមនីតិវិធី ដើម្បីគ្រប់គ្រង មុខសញ្ញាទាំងអស់ អោយមានសណ្ដាប់ធ្នាប់ និងអាចចៀសផុតពីជម្ងឺកូវីត១៩ ផងដែរ៕