(ភ្នំពេញ)៖ តំណាងកូនចៅសព លោកគ្រូព្រឹទ្ធាចារ្យវិជ្ជាធម្មគរុបណ្ឌិត ទេព ផុន បានចេញលិខិតថ្លែងអំណរព្រះគុណចំពោះសម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងភ្ញៀវទាំងអស់ ដែលបានយាង និមន្ត និងចូលរួមពីធីបុណ្យសព លោកគ្រូព្រឹទ្ធាចារ្យវិជ្ជាធម្មគរុបណ្ឌិត ទេព ផុន។

លិខិតថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមថ្លែងអំណរព្រះគុណ និងអរគុណ យ៉ាងជ្រាលជ្រៅបំផុត និងដឹងគុណជានិច្ច នូវសន្តានព្រះទ័យ ទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ របស់សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសម្តេច ឯកឧត្តម ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងបងប្អូនញាត្តិមិត្តជិតឆ្ងាយទាំងអស់»

សូមបញ្ជាក់ថា លោកគ្រូព្រឹទ្ធាចារ្យវិជ្ជាធម្មគរុបណ្ឌិត បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៣៖២០នាទីរសៀល ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។

សពលោកគ្រូព្រឹទ្ធាចារ្យវិជ្ជាធម្មគរុបណ្ឌិត ទេព ផុន នឹងត្រូវបូជានៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ វេលាម៉ោង៦៖០០ល្ងាច ក្រោមអធិបតេយ្យភាពរដ្ឋមន្ត្រីក្រសួងធម្មការ៕