(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២០ ការបង្កបង្កើនផលស្រូវរដូវវស្សាទូទាំងប្រទេស សម្រេចបាន២,២០៣,៨៦៩លានហិកតា ស្មើ៨៥.១៥ភាគរយ។
លោករដ្ឋមន្ដ្រី វេង សាខុន បានបន្តថា ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេស មានស្រូវស្រាលចំនួន ៦៦៣,១៥២ហិកតា, ស្រូវកណ្តាលចំនួន ១,១០៩,៩២៤ហិកតា ស្រូវធ្ងន់ចំនួន៣៧៩,៥៨០ហិកតា, ស្រូវចម្ការចំនួន១៨,០៥៩ហិកតា ស្រូវឡើងទឹកចំនួន ៣៣,១៥៤ហិកតា។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី វេង សាខុន បានឲ្យដឹងទៀតថា សម្រាប់ដំណាំឧស្សាហកម្មវិញ ការបង្កបង្កើនផលសម្រេចបាន ៧២៣,៨៣៩ហិកតា ស្មើនឹងផែនការ ៨៧៥,២០០ ហិកតា ក្នុងនោះរួមមាន៖
* ពោតក្រហម ៨៧,២១៧ ហិកតា
* ដំឡូងមីចំនួន ៥៨៣,៤៦៤ ហិកតា
* សណ្តែកបាយចំនួន ១៦,៧៩២ ហិកតា
* សណ្តែកដីចំនួន ៤,៥៥៣ ហិកតា
* សណ្តែកសៀងចំនួន ៨,៧៦២ហិកតា
* និងអំពៅចំនួន១១,២៦៥ហិកតា៕