(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ថា បើសិនជាតិសាសន៍មួយគ្មានប្រវត្តិសាស្ត្រខ្លួនឯង ជាតិសាសន៍នោះ គឺជាជាតិសាសន៍មួយដែលអន់បំផុត។

ការថ្លែងបែបនេះរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងខណៈមានក្រុមអ្នកប្រវត្តិសាស្ត្រខ្មែរមួយចំនួន មានការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងប្រវត្តិសាស្ត្ររបស់កម្ពុជា ព្រមទាំងការបែងចែកពីដាន ប្រវត្តិសាស្ត្រ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាកាលពីអតីតកាល និងក្នុងពេលបច្ចុប្បន្ននេះ។

ដូច្នេះដើម្បីបញ្ជាក់ឱ្យច្បាស់ពីប្រវត្តិសាស្ត្ររបស់កម្ពុជា ឱ្យបានភាពប្រាកដប្រជារវាងក្រុមអ្នកប្រវត្តិសាស្ត្រ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំក្រុម អ្នកប្រវត្តិសាស្ត្រលើកទី៤ ស្ដីពី «កិច្ចពិភាក្សាស្វែងរកគំនិត យោបល់ សម្រាប់ការចងក្រងក្រុមអ្នកសរសេរប្រវត្តិសាស្ត្រកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមអ្នកប្រវត្តិសាស្ត្រ ព្រមទាំងអ្នកជំនាញប្រវត្តិសាស្ត្រយ៉ាងច្រើន នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត សុខ ទូច បានសង្កត់ធ្ងន់ថា «បើសិនជាតិសាសន៍មួយគ្មានប្រវត្តិសាស្ត្រខ្លួនឯង ជាតិសាសន៍នោះ គឺជាជាតិសាសន៍អន់បំផុត យើងនឹងឱ្យអ្នកនយោបាយទទួលស្គាល់ប្រវត្តិសាស្ត្រ ក្រោយពីការសិក្សាស្រាវជ្រាវ ព្រោះខ្ញុំយល់ថា អ្នកប្រវត្តិសាស្ត្រខ្លាចណាស់អ្នកនយោបាយ ហើយអ្នកនយោបាយក៏ខ្លាចអ្នកប្រវត្តិសាស្ត្រដែរ»

នៅក្នុងជំនួបនេះដែរ លោកបណ្ឌិត សុខ ទូច ក៏បានអនុញ្ញាតឱ្យសាស្ត្រចារ្យប្រវត្តិសាស្ត្រទាំងអស់លើកឡើងពីទស្សន និងការយល់ឃើញពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា មកជជែកពិភាក្សាគ្នា ដើម្បីស្វែងរកធាតុផ្សំពីប្រវត្តិសាស្ត្រមួយឱ្យបានច្បាស់លាស់ដាក់ឱ្យយុវជនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រជាដើម។

លោកបណ្ឌិត សុខ ទូច បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវតែមានប្រវត្តិសាស្ត្រមួយដែលច្បាស់លាស់ និងមានការឯកភាពគ្នាពីសំណាក់ក្រុមអ្នកជំនាញប្រវត្តិសាស្ត្រ ដើម្បីធ្វើយ៉ាងណាឱ្យប្រវត្តិសាស្ត្រនេះ សម្រាប់ក្មេងជំនាន់ក្រោយបានសិក្សារៀនសូត្រ ជាពិសេសសម្រាប់អ្នកនយោបាយបានយល់ឱ្យកាន់តែច្បាស់ពីប្រវត្តិសាស្ត្រជាតិកម្ពុជាផងដែរ។

បន្ថែមពីនេះ លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ការដែលអ្នកនយោបាយមិនយល់ការពិតពីប្រវត្តិសាស្ត្រ នឹងធ្វើឱ្យប្រទេសជាន់តែដានប្រវត្តិសាស្ត្រជ្រាំដែលៗជាដើម។ លោកក៏អំពាវនាវឱ្យអ្នកជំនាញខាងប្រវត្តិសាស្រ្តទាំងអស់ស្វែងរកនូវតម្លៃសច្ចៈភាព នៃរឿងរ៉ាវដែលបានកើតឡើងកន្លងមក ដើម្បីឱ្យមានការយល់ដឹងត្រឹមត្រូវទាំងអស់គ្នា៕