(រតនគិរី)៖ សិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត» និងវគ្គបណ្តុះបណ្តាលស្តីពី «ហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ» និងវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យ ដល់អាជ្ញាធរមូលដ្ឋានក្នុងខេត្តរតនគិរី ត្រូវបានក្រសួងរ៉ែ និងថាមពល ប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នាសណ្ឋាគាររតនៈស៉ីធី ក្រោមអធិបតីភាពលោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងលោក ថង សាវុន អភិបាលខេត្តរតនគិរី។

សិក្ខាសាលានេះ មានគោលបំណងបង្កើនការយល់ដឹងអំពីច្បាប់ អំពីហានិភ័យដែលអាចកើតមានឡើង និងអំពីបែបបទ និងនីតិវិធីក៏ដូចជាបច្ចេកទេសសុវត្ថិភាព ក្នុងការគ្រប់គ្រង និងប្រកបអាជីវកម្មដល់ម្ចាស់ស្ថានីយ អ្នកសាងសង់ស្ថានីយ និងអ្នកធ្វើការស្តុកទុកផលិតផលប្រេងកាត។ ពង្រឹងសមត្ថភាពមន្ត្រីជំនាញបច្ចេកទេស មន្ទីររ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ ឱ្យយល់ពីតួនាទីភារកិច្ច និងនីតិវិធីនានា ដើម្បីមានភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាជាធរមាន។

បន្ទាប់ពីការស្វាគមន៍របស់លោក ថង សាវុន រួចមកលោក សុខ ខាវ៉ាន់ បានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទោះជាក្រសួងមានបទបញ្ញត្តិប្រេងកាតឆ្នាំ១៩៩១ និងសារាចរស្ដីពីសុវត្តិភាពសម្រាប់ការរៀបចំស្ថានីយប្រេងស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ ប៉ុន្តែលិខិតបទដ្ឋានគតិយុត្តិទាំងនេះ ពុំទាន់មានលក្ខណៈគ្រប់គ្រាន់សម្រាប់អនុញ្ញាតឲ្យក្រសួងរ៉ែ និងថាមពល បំពេញការងារបានពេញលេញនៅឡើយទេ។

ចំណែកអាជីវករ និងអាជ្ញាធរពាក់ព័ន្ធ ក៏មានការលំបាក និងមានភាពមិនទាន់ច្បាស់លាស់ក្នុងការប្រកបអាជីវកម្ម និងអនុវត្តការងាររបស់ខ្លួនពាក់ព័ន្ធវិស័យប្រេងកាត និងឧស្ម័ននេះ ឲ្យមានភាពអនុលោម ទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិផងដែរ។

លោកបន្តថា ឥឡូវនេះគឺជាការបើកសករាជថ្មី ដោយច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់ដោយព្រះមហាក្សត្រ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ រួចហើយ។ ទន្ទឹមនេះ យោងតាមវត្តបញ្ញត្តិនៃច្បាប់ថ្មីនេះ ក្រសួងបានចាត់តាំងមន្ត្រីអធិការកិច្ចប្រេងកាត ដោយមានសមាសភាពមន្ត្រីពីអគ្គនាយកដ្ឋានប្រេងកាត និងមន្ទីររាជធានីខេត្ត ដែលនឹងត្រូវផ្ដល់នីតិសម្បទាជានគរបាលយុត្តិធម៌។

លើសពីនេះ ក្រសួងក៏បានបង្កើតក្រុមការងារចុះត្រួតពិនិត្យ និងអធិការកិច្ចក្នុងវិស័យប្រេងកាត ដែលដឹកនាំដោយថ្នាក់ដឹកនាំក្រសួង មានតួនាទីដឹកនាំសម្រប សម្រួលការងារ របស់មន្ត្រីអធិការកិច្ចប្រេងកាត ក្នុងគោលដៅដូចជា៖

* ដើម្បីពង្រឹងអនុលោមរួមមានការផ្សព្វផ្សាយអប់រំ និងបណ្ដុះបណ្ដាល
* ការពង្រឹងការអនុវត្តច្បាប់ និងទី៣ការចាត់វិធានការច្បាប់ រួមមានការផាកពិន័យនិងការកសាងឯកសារទៅតុលាការ
* ក្រុមការងារចុះត្រួតពិនិត្យនិងអធិការកិច្ច ក្នុងវិស័យប្រេងកាតក៏នឹងពិនិត្យផងដែរពីលទ្ធភាពនៃការធ្វើវិមជ្ឈការងារ
* និងវិសហមជ្ឈការការងារនៅថ្នាក់ក្រោមជាតិនាពេលសមស្របខាងមុខ៕