(ភ្នំពេញ)៖ សមាគមតន្រ្តីសំនៀងជនពិការ របស់លោក ចាប តូ ដែលមានសមាជិកជាជនមានពិការភាពជាង ៤០០នាក់ បានរៀបចំពិធីអបអរសាទរលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារពិការភាពក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ ក្នុងឱកាសដែលលោកស្រីត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមព្រះរាជសង្ឃប្រកាសរបស់សម្តេច បួរ គ្រី បានឲ្យដឹងថា លោកស្រី ញ៉ែម មរកត ត្រូវបានបញ្ញត្តិនាមថា «បុត្តញាណីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍»។

ក្នុងពិធីអបអរសាទរ ដែលត្រូវបានរៀបចំឡើងនៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោកស្រី ញ៉ែម មរកត បានសម្តែងក្តីត្រេកអរជាអនេក និងបានថ្លែងអំណរព្រះគុណ ថ្វាយសម្តេច បួរ គ្រី ដែលប្រោសប្រទានស័ក្តិដល់លោកស្រី ជាទីប្រឹក្សាផ្ទាល់។

លោកស្រីចាត់ទុកថា នេះគឺជាមហាកិត្តិយសដែលលោកស្រីទទួលបាន និងជាការផ្តល់កម្លាំងចិត្តដល់លោកស្រី ឲ្យកាន់តែខិតខំធ្វើការងារលើកស្ទួយជនមានពិការភាព ដើម្បីលើកកម្ពស់សិទ្ធិរស់រានមានជីវិត សម្រាប់ជនងាយរងគ្រោះដូចសមាគមតន្រ្តីសំនៀងជនពិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លោក ចាប តូ លើកឡើងថា ការប្រោសប្រទានស័ក្តិដល់លោកស្រី ញ៉ែម មរកត ជាទីប្រឹក្សាផ្ទាល់សម្តេច បួរ គ្រី ពិតជាស័ក្តិសមសម្រាប់លោកស្រី ព្រោះលោកស្រីបានលះបង់កម្លាំងកាយ និងចិត្តជាច្រើន ក្នុងសកម្មភាពលើកស្ទួយព្រះពុទ្ធសាសនា ក៏ដូចជាសកម្មភាពធ្វើបុណ្យជាមួយជនមានពិការភាព រាប់ឆ្នាំមកហើយ។

ឆ្លៀតឱកាសនោះ លោក ចាប តូ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរផ្តល់ប័ណ្ណសមធម៌ ដល់ជនមានពិការភាពក្នុងសមាគម ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ អំឡុងវិបត្តិកូវីដ១៩នេះ។ លោកបានឲ្យដឹងដែរថា សមាគមតន្ត្រីសំនៀងជនពិការ ដែលមានសមាជិក ៤០៦នាក់ បានទទួលប័ណ្ណសមធម៌ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយមកដល់ពេលនេះ មានសមាជិករបស់លោក ៣៥០នាក់ បានទទួលប្រាក់ឧបត្ថម្ភហើយ៕